ខេត្តសៀមរាបកាត់បន្ថយការលក់សាច់សុនខដែលឈានទៅជាគំរូដល់ខេត្តដទៃទៀត

0
68

ខេត្តសៀមរាប÷នៅខេត្តសៀមរាប មាន​ទីតាំង​ពិឃាត និង​លក់​សាច់​សុនខ ចំនួន​២៥​កន្លែង ប៉ុន្តែ​បន្ទាប់ពី មាន​សេចក្តីជូនដំណឹង​របស់​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ឱ្យ​បញ្ឈប់​ពិឃាត ទិញ និង​លក់ សាច់​សុនខ កាលពី​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២០​កន្លងមកនោះ ឃើញថា​បច្ចុប្បន្ននេះ ទីតាំង​ពិឃាត និង​លក់​សាច់​សុនខ​ចំនួន​១២​ទីតាំង បានសម្រេច បិទ​ដោយ​ខ្លួនឯង បន្ទាប់ពី​មានការ​ពន្យល់​ណែនាំ​ពី​មន្ត្រី​ជំនាញ នៅសល់​ប្រមាណ​១៣ កន្លែង​ទៀត​សន្យាថា និង​ឈប់​បន្ត​អាជីវកម្ម​លក់ ពិឃាតសត្វ​សុនខ​នេះ​ជា​បន្តបន្ទាប់ ដោយ​ចាប់​ប្រកប មុខរបរ​ផ្សេងៗ​ទៀត​ដែល​ច្បាប់​អនុញ្ញាត​។
នេះបើតាមការឲ្យដឹងពី
​លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ កសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​នេះ​។

ដោយឡែក ​លោក ចាន់ ផ្ល​ក់ និង​ភរិយា រស់នៅ​ភូមិ​អូរទទឹង ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​បាន​ប្រកប​របរ​លក់​សាច់​សុនខ​នេះ អស់​ប្រមាណ​ជា ១០​ឆ្នាំ​មកហើយ​នោះ បាន​ឯកភាព​ថា​នឹង​ឈប់​ប្រកប​អាជីវ​កម្មនេះ ទៅតាម​ការណែនាំ​របស់អាជ្ញាធរដោយ​សុខចិត្ត ប្តូរ​មុខរបរ​ទៅ​ចិញ្ចឹមសត្វ និង​សុំច្បាប់​អនុញ្ញាត​លក់​សាច់គោ សាច់ជ្រូក​វិញ​ម្តង​។
ជាមួយនេះដែរ​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត មានប្រសាសន៍ថា កន្លងមក ការ​លួច ការជួញដូរ ការដឹកជញ្ជូន សម្លាប់ និង​លក់​សត្វ​សុនខ ដើម្បី​យក​សាច់ ទៅធ្វើជា​ម្ហូបអាហារ​មានការ​កើនឡើង​គួរឱ្យ​បារម្ភ​។

​លោក​ថា ការហាមឃាត់​នេះ​មិនមែន​ជាការ​រឹតបន្តឹង​ដាច់​ណាត់​នោះទេ គឺជា​ការហាម ដើម្បី​រួមគ្នា​កាត់បន្ថយ​ជា​បណ្តើរៗ​នៃ​ការ​ពិឃាត និង​បរិភោគ​សាច់​នេះ​ឱ្យ មក​នៅ​កម្រិត អប្ប​បរិ​មា និង​ឈានទៅ​លែងមាន​ទាំងស្រុង នាពេល​អនាគត និង​ក៏​ជាការ​ជួយ លើកកម្ពស់ សុខុមាលភាព​សត្វ​ផង និង​សុខភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ផង ចៀសវាង​ការ ឆ្លង​រាលដាល​ជំងឺ​ផ្សេងៗ​។
យ៉ាងណា​លោក ទា គឹម​សុទ្ធ រំពឹងថា ខេត្ត​មួយ​នេះ នឹង​ក្លាយជា​ខេត្ត​គំរូ​មួយ​សម្រាប់​ខេត្ត ផ្សេងៗ​ទៀត ក្នុងការ​ហាមឃាត់​ការជួញដូរ​សាច់​សុនខ​នេះ​៕
ដោយ÷សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here