សាងសង់សំណង់នៅជាប់ខ្សែកាប្លិអគ្គិសនី ឆក់ស្លាប់កម្មករម្នាក់ មេការបម្រុងមិនទទួលខុសត្រូវ

0
92

ភ្នំពេញ: កម្មករសំណង់ម្នាក់ ខណៈឡើងលើទៅជាន់ទី២ សំណង់កំពុងសាងសង់បានជាន់ប៉ះនឹងខ្សែកាប្លិ បណ្តាលឲ្យឆក់ធ្លាក់ស្លាប់ភ្លាមៗ នៅខាងត្បូងជាប់ស្តុបទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០។
ប្រជាពលរដ្ឋបានអះអាងថា សំណង់មួយនេះសង់កៀកជាប់ទៅនឹងខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់ ទើបធ្វើឲ្យជួបគ្រោះថ្នាក់ងាយយ៉ាងនេះ ។

សាកសពជនរងគ្រោះមានឈ្មោះសុខ ទិត្យ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះឡើងលើរន្ទាទៅជាន់ទី២ ដើម្បីលាបថ្នាំបង្កាន់ដៃផ្ទះល្វែង ខណ:ដែលសំណង់ផ្ទះល្វែងមួយនេះ សង់កៀកជាប់នឹងខ្សែកាប ពេលដែលជនរងគ្រោះ ជាន់ឈរ ប៉ះចំខ្សែកាបភ្លើង បណ្តាលឲ្យឆក់ ហើយធ្លាក់មកក្រោមស្លាប់ភ្លាមៗ ផ្អើលកម្មករនាំគ្នាសែងកប់ដីខ្សាច់ ហើយមិនអស់ចិត្តហៅក្រុមសង្គ្រោះមកជួយពិនិត្យ នៅមិនអាចសង្គ្រោះអាយុជីវិតបាន ។ លុះដឹងជាក់ថាជនរងគ្រោះស្លាប់ហើយ មេការសំណង់បញ្ជាឲ្យកម្មករទាញរនាំងស័ង្កសីមកបិទបាំពីខាងមុខ រួចរុំសាកសព បញ្ជាបង្ខំឲ្យកម្មករ សាច់ញាតិដឹកចេញពីក្នុងការដ្ឋាន ក្នុងបំណងគេចវេះពីទំនួលខុសត្រូវ តែត្រូវបានបងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋាន ឃាត់ទុកជាបណ្តោះអាសន្ន រងចាំនគរបាលជំនាញ អាជ្ញាធរពាក់ព័ន្ធធ្វើការពិនិត្យជាមុនសិន ។
បើតាមមតិមហាជននៅកន្លែងកើតហេតុ បានលើឡើងថា សង្ស័យសំណង់គ្មានច្បាប់ ទើបហ៊ានសាងសង់រំលោភ សង់ជាប់កៀកនឹងខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់បែបនេះ រហូតដល់កម្មករ ធ្វើការងារជួបគ្រោះថ្នាក់បាត់បង់ជីវិត ដូច្នេះស្នើសុំឲ្យអាជ្ញាធរ សមត្ថកិច្ចពាក់ពាក់ មេត្តាជួយពិនិត្យឡើងវិញ ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here