ភ្នំពេញ ៖ នារីម្នាក់ពេលដែលកំពុងជិះម៉ូតូឌុបត្រឡប់ទៅផ្ទះទាំងយប់ម្នាក់ឯង ក៏ត្រូវបុរស២នាក់ បានល្បូងយកទៅកន្លែងស្ងាត់ រំលោភរហូបានសំរេច កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១៧ ហើយបានមកប្តឹងប៉ូលិសប៉ុស្តិ៍ព្រៃ.ស ឱ្យជួយអន្តរាគមន៍ ទើបចាប់ខ្លួនជនសង្ស័យបានទាំង២នាក់ ស្ថិតលើផ្លូវបេតុងក្បែរវត្តឬស្សីសាញ់ ខណ្ឌមានជ័យ ។
សនត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះសុខ ពិសី អាយុ២០ឆ្នាំ ជាអ្នកព្រូឡានក្រឡុកបេតុង ស្នាក់នៅការដ្ឋានក្បែរកន្លែងកើតហេតុខាងលើ (ជាអ្នករំលោភ) និងជនសង្ស័យទី២-ឈ្មោះវុន វុទ្ធី អាយុ២៩ឆ្នាំ ជាព្រូរថយន្តដូចគ្នា ជាអ្នកចាំមើលផ្លូវ ។
នារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នាងបានចេញពីផ្ទះមិត្តភក្តិនៅម្តុំផ្សារឯករាជ្យ៣ ហើយក៏បានជិះម៉ូតូឌុបត្រលប់មកផ្ទះវិញនៅម្តុំកន្លែងកើតហេតុ ។ ខណៈនោះ ក៏មានជនសង្ស័យ២នាក់ខាងលើជិះម៉ូតូ២គ្រឿងមកសួរនាងថា ផ្ទះនៅណា ពេលនោះនាងឆ្លើយថានៅម្តុំវត្តឫស្សីសាញ់ ហើយជននោះបានតបវិញថា នៅជិតគ្នាទេ អ៊ីចឹងឡើងម៉ូតូមក ចាំបងជូនទៅផ្ទះ ។ ពេលនោះនាងក៏បានព្រមឡើងជិះម៉ូតូជាមួយ លុះដល់កន្លែងស្ងាត់ ស្រាប់តែបានចាប់នាងរំលោភតែម្តង ឯបក្ខពួកម្នាក់ទៀតជាអ្នកមើលផ្លូវ ។ ក្រោយមកពួកគេជិះម៉ូតូចូលការដ្ឋានគេចខ្លួន តែដោយនាងឈឺចាប់ពេគក៏ទៅប្តឹងនគរបាលប៉ុស្តិ៍ព្រៃស ចាប់ខ្លួនបាទាំងពីរនាក់តែម្តង ៕ អូន ធួក
