មិនដឹងប្តីទៅណា ឈឺពោះសម្រាលកូនក្រោមសំយាបផ្ទះគេដូចសត្វធាតុ

0
108

ភ្នំពេញ÷ស្ត្រីម្នាក់បានសម្រាលកូនកណ្តាលយប់ស្ងាត់តែម្នាក់ឯងនៅក្រោមសំយាបផ្ទះគេ តែសំណាងបានអ្នកដំណើរតាមផ្លូវប្រទះឃើញរាយការណ៍ទៅសមត្ថកិច្ចនាំគ្នាបញ្ជូនស្រ្តីនេះទៅមន្ទីរពេទ្យប្រសូតតាមសម្រួល។

ស្ត្រីនេះជាស្រ្តីអនាថាមិនស្គាល់ឈ្មោះដែលមានអាយុប្រហែលជាង៣០ឆ្នាំ បានឈឺពោះសម្រាលបានកូនប្រុសម្នាក់នៅតាមដងផ្លូវសាធារណៈ ពេលរាត្រីស្ងាត់តែម្នាក់ឯងយ៉ាងកំសត់ តែត្រូវបានអ្នកធ្វើដំណើរឃើញក៏រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចមុខហាងលក់ទូរស័ព្ទដៃមួយជាប់នឹងភ្លើងស្តុបទួលស្វាយព្រៃ ផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ។

គេមិនបានដឹងថាប្តីនាងនៅឯណាទេ ដែលនេះគេគិតថា វាសនារបស់មនុស្សពិតជាមិនដូចគ្នាមែននៅលើលោកយើងនេះ! បើជាមនុស្សស្រីវិញគឺតែងតែប្រាថ្នាចង់បានការរស់នៅក្នុងគ្រួសារមួយដែលមានសុភមង្គល មានប្តីដែលអាចរស់នៅនិង មើលថែគ្នាពេលឈឺឬជា ជាពិសេសពេលសម្រាលកូនតែម្តងគឺត្រូវការប្តីនៅក្បែរមើលថែទាំ និងផ្តល់ភាពកក់ក្តៅខ្លាំង ប៉ុន្តែការប្រាថ្នាចង់បាននេះ វាមិនសមប្រកបដូចគ្នានោះទេ។
ទោះបីជារស់នៅដោយគ្មានប្តី ក៏ស្ត្រីអនាថាម្នាក់នេះប្រឹងតស៊ូមើលថែខ្លួនរហូតបង្កើតកូនដែលមាននៅក្នុងផ្ទៃនោះបានឃើញពន្លឺផ្កាយនិងពន្លឺព្រះអាទិត្យដែរ នេះហើយទឹកចិត្តម្តាយ ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here