ភ្នំពេញ ៖ យុវជនជានិស្សិតឆ្នាំទី៣នៃម្នាក់ ត្រូវនគរបាលប៉ុស្តិ៍ទួលសង្កែចាប់ខ្លួន កាលពីវេលាម៉ោង៨និង១៥នាទី ព្រឹក ថ្ងៃទី០៨ កុម្ភៈ នៅចំណុចផ្ទះជួលលើផ្លូវបេតុង ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ តាមពាក្យបណ្តឹងនារីរងគ្រោះម្នាក់ដែលចោទប្រកាន់យុវជនម្នាក់នេះថាបានចាប់រំលោភនាងបានសម្រេច ខណៈដែលមិត្តភក្តិស្រីម្នាក់យកមកឱ្យជួយមើលមួយរយៈ ។
យុវជនល្មោភកាមខាងលើឈ្មោះហែល ចិន្តា អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៣ CUI នៅសកលវិទ្យាល័យមួយស្នាក់នៅផ្ទះជួលផ្លូវបេតុង ក្រុម១០ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ និងមានស្រុកកំណើតនៅភូមិប្រាសាទ ឃុំកំប៉េង ស្រុកគិរីវង់ ខេត្តតាកែវ ។ រីឯនារីរងគ្រោះមានឈ្មោះ ឃ វ ត អាយុ ២២ឆ្នាំ ។
យោងតាមពាក្យបណ្តឹងនារីរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី០១ កុម្ភៈ វេលាម៉ោងប្រហែល១០ព្រឹក នារីរងគ្រោះបានទូរស័ព្ទទៅមិត្តភក្តិស្រីម្នាក់ ដើម្បីឲ្យជួយរកការងារអោយធ្វើហើយពួកគេបានណាត់ជួបគ្នា ។បន្ទាប់មកមិត្តភក្តិស្រីនោះ បាននាំនារីរងគ្រោះ ឱ្យទៅស្នាក់នៅបន្ទប់ជួលជាមួយមិត្តភក្តិប្រុស (ជនសង្ស័យ ដែលក្រៅពីរៀន គឺធ្វើជាសន្តិសុខក្រុមហ៊ុនពេលយប់) ។ លុះមកដល់ថ្ងៃទី០៣ កុម្ភៈ វេលាម៉ោងប្រហែល៦ និង៣០នាទីយប់ ពេលជនសង្ស័យត្រឡប់មកពីរៀនវិញ បាននាំគ្នាហូបបាយជាមួយនារីរងគ្រោះ ។
បន្ទាប់ពីបាយរួច ជាឱកាសល្អឈ្មោះ ហែល ចិន្តា បានបិទទ្វារបន្ទប់ដាក់គន្លឹះ ហើយចាប់នាងផ្តួល និងទះកំភ្លៀងនិងខ្ទប់មាត់នារីរងគ្រោះ ហើយធ្វើសកម្មភាពចាប់រំលោភសេពសន្ថវះរហូតបានសម្រេច ។ លុះក្រោយមក នារីរងគ្រោះបានប្រាប់បងប្រុស ហើយនាំគ្នាមកប្តឹងនគរបាល ប៉ុស្តិ៍ចុះទៅឃាត់ខ្លួនតែម្តង ទៅ ៕ អូន ធួក
