រថយន្តដឹកទ្រុងជ្រូកក្រឡាប់ស្លាប់និងរបួសមនុស្ស១២នាក់នៅខេត្តបន្ទាយមានជ័យ

0
41

ខេត្តបន្ទាយមានជ័យ : មនុស្សម្នាក់បានស្លាប់ភ្លាមនិហ១២នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ខណ:រថយន្តដឹកជ្រូកខ្នាតយក្សមួយគ្រឿងជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ពីលើស្ពានក្រឡាប់ទៅកល់លើបង្កាន់ដៃថ្នល់ចុះពីស្ពានបណ្តាលឲ្យខូចខាតយ៉ាងដំណំ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួររន្ធត់នេះកើតឡើងនៅវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិ៥៨ ត្រង់ចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
បើតាមសាក្សីដែលឃើញឧបទ្ទវហេតុនេះបាននិយាយថានៅមុនកើតហេតុគេបានឃើញរថយន្តធុនយក្សកង់២២មួយគ្រឿងបើកបរយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត។លុះ មកដល់ចំណុចកើតហេតុ រថយន្តនេះមិនដឹងមានរឿងហេតុអី ឬក៏ថាដាច់ហ្វ្រាំងយ៉ាងណានោះទេស្រាប់តែបានរេទៅបុកនឹងជញ្ជាំងបង្កាន់ដៃស្ពាន ហើយរថយន្តបានបុកផ្ទប់ខ្លាំងហើយធ្លាក់ពីលើស្ពានទៅខាងក្រោមបណ្តាលឲ្យអ្នកជិះលើរថយន្តផ្លោងធ្លាក់រប៉ាត់រប៉ាយរងរបួសធ្ងន់ស្រាលនិងខ្លះសង្កត់ជាប់ក្រោមកាប៊ីនរថយន្តក្នុងនោះមានបុរសម្នាក់បាត់បង់ជីវិត។
លោក សេស វិបុល អធិការនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា អ្នករងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍នេះមានចំនួន១២នាក់ សមត្ថកិច្ចកំពុងដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្រុងប៉ោយប៉ែត ក្នុងនោះស្លាប់ម្នាក់ដែលសមត្ថកិច្ចទាញចេញពីក្រោមក្បាលរថយន្តទាំងលំបាក។
លោកអធិការបន្តថាគ្រោះថ្នាក់ចរាចរណ៍នេះផ្តើមឡើងដោយខ្លួនឯងដោយរថយន្តនេះម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម. MA.8759​ ជា រថយន្តធុនធ្ងន់ដែលដឹកទ្រុងជ្រូកពេញហើយ អ្នកស្លាប់និងអ្នករងរបួសអាចជាកម្មករលើកជ្រូកដាក់រថយន្តនេះតែម្តង៕
ដោយ÷ប្រាថ្នា