ស្តីម្នាក់លង់ទឹកស្លាប់ក្នុងអូរ ពេលលួចឆ្លងដែនពីថៃ មកកម្ពុជាសមត្ថកិច្ច្វកំពុងបន្តរុករកសព

0
47

ខេត្តប៉ៃលិន៖    ស្ត្រីខ្មែរម្នាក់បានលង់ទឹកស្លាប់ នៅក្នុងអូរមួយតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៃភូមិសាស្ត្រខេត្តប៉ៃលិន ក្នុងពេលដែលរូបគាត់រួមជាមួយប្តីនិងកូនស្រីម្នាក់ បានលួចឆ្លងដែនពីប្រទេសថៃ មកកម្ពុជាតាមច្រករបៀងដោយស្ងាត់ តែចៃដន្យស្រ្តីរូបនេះបានចុះដើរកាត់ទឹកអូរ ដែលកំពុងជន់ហូរខ្មួលខ្មាញ់ ក៏ស្រាប់តែត្រូវទឹកហូរកួចយកទៅ បណ្ដាលឱ្យលង់ស្លាប់គ្មានអ្នកណាជួយទាន់ឡើយ។
ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី១៩ខែកញ្ញា នៅត្រង់ចំណុចអូរឈើក្រុំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឈមនឹងស្រុកពោណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ហើយមកដល់ព្រឹកថ្ងៃទី២១ខែកញ្ញា សមត្ថកិច្ច្ចជាច្រើននាក់នៅមិនទាន់រកសាកសពឃើញនៅឡើយទេព្រោះទឹកហូរខ្លាំងពេក។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាពលករឆ្លងដែនទាំងនោះមានគ្នា ៣នាក់ ពួកគេត្រូវជាម្តាយ ឪពុក កូននឹងគ្នា ដោយបានលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា ឆ្លងកាត់អូរមួយតាមបណ្ដោយព្រំដែន ប៉ុន្តែស្ត្រីជាម្តាយហែលឆ្លងអូរមិនផុត ក៏ត្រូវទឹកកួចស្លាប់នៅអូរនោះទៅ។

ក្រោយហេតុការណ៍នេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដាក់បញ្ជាឲ្យកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងយោធាខេត្តចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្វែងរកសាកសពស្ត្រីរងគ្រោះខាងលើតែរកមិនទាន់ឃើញ។

ប្រភពដដែលបានឲ្យដឹងទៀតថាស្រ្តីដែលបានស្លាប់នោះមានឈ្មោះ សេង ស្រីម៉ៅ អាយុ៤១ឆ្នាំ រស់នៅភូមិស្វាយមាស ឃុំកណ្តុរជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ចំណែកប្តីមានឈ្មោះ ឆោ ឆេង អាយុ៤១ និងកូនស្រីមានឈ្មោះ ឆេង ដាណេត អាយុ១៥ឆ្នាំ។  យ៉ាងណាមកដល់ពេលនេះកម្លាំងចម្រុះនៅតែបន្តខិតខំស្វែងរកសពស្រ្តីរងគ្រោះយ៉ាងសស្រាក់សស្រាំ ទោះបីនៅក្រោមអាកាសធាតុភ្លៀងផង ខ្យល់ផងយ៉ាងណា ក៏ដោយក៏នៅតែបន្តរកសពឲ្យឃើញ៕
ដោយ÷ប្រាថ្នា

LEAVE A REPLY

Please enter your comment!
Please enter your name here