ប្រទះឃើញសាកសពជនបរទេសម្នាក់ដែលឃាតកមិនស្គាល់មុខសម្លាប់ច្រកវ៉ាលីសយកទៅបោះចោលនៅជ្រោះពេជ្រនិល

0
66

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋនាំគ្នាភ្ញាក់ផ្អើលបន្ទាប់ពីបាន​ប្រទះឃើញសាកសព​បុរស​ម្នាក់ ដែលគេសង្ស័យថាជនរងគ្រោះជាជនជាតិចិនត្រូវបានឃាតកមិនស្គាល់មុខសម្លាប់ច្រកក្នុងវ៉ាលីស ហើយ​យកមក​បោះចោល នៅ​ចំណុច​មាត់ជ្រោះ រោងរានក្បែរជ្រោះពេជ្រនិល តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ចន្លោះ​គីឡូម៉ែត្រ លេខ​១០៤ និង ១០៥ ស្ថិតក្នុង​ភូមិ​ទី​៦ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។
​ការប្រទះឃើញសាកសពខាងលើនេះកើតឡើងកាលពីព្រលប់ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២០។
បើតាមសម្តីសាក្សី ឈ្មោះ វ៉ាន សាវឿន ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ ជា​កសិករ រស់ក្នុង​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច បបាននិយាយថា មុនដំបូងគាត់​បានធ្វើ​ដំណើរដោយ​ម៉ូតូពី​លិច ទៅកើត លុះ​មកដល់​ចំណុចកើតហេតុ គាត់​បានឃើញ​រថយន្ត ម៉ាក​តូយ៉ូតា ហាយ​លែ​ន​ឌ័​រ ពណ៌​ស តែ​មិន​ចាំ​ស្លាក​លេខ បានចត​បែរមុខ ទៅ​ទិស​ខាងលិច ។ពេលនោះគាត់បានឃើញ មនុស្ស​ប្រុស​ម្នាក់ សង្ស័យ​ជា​ជនជាតិ​ចិន បាន​បើក​គូទ​រថយន្ត ហើយបានទាញវ៉ាលីសធំ១ ពីលើ​រថយន្ត ទម្លាក់ចុះទៅមាត់ជ្រោះ ។ ពេលនោះគាត់ឈប់ម៉ូតូ លូវមើល​ពី​ម្ខាងផ្លូវរួចបុរសនោះបានបើករថយន្តចេញទៅទិសខាងលិចបាត់ស្រមោលបាត់ទៅ។
លោក វ៉ាន សាវឿនបានបន្តថា ដោយមានការសង្ស័យ គាត់បានចុះទៅមើលវ៉ាលីសនោះ ហើយ​បានឃើញ​ថង់​ខ្មៅ មាន​ជើងមនុស្ស​នៅក្នុងវ៉ាលិស។ ភ្លាមៗនោះ គាត់​បាន​ទៅប្រាប់ អ្នកភូមិ​នៅក្បែរនោះ ហើយ​បាន​រាយការណ៍ ជូនទៅ​សម​ត្ថកិច្ចមូលដ្ឋានឲ្យចុះទៅពិនិត្យមើល។
បន្ទាប់មក មន្ត្រីជំនាញ និង​ក្រុមគ្រូពេទ្យ ខេត្តកំពង់ស្ពឺ បាន​ទៅពិនិត្យ ឃើញថា សាកសព ជា​មនុស្ស​ប្រុស អាយុប្រមាណ​ជាង ៤០ ឆ្នាំ មិន​ស្គាល់​អត្តសញ្ញាណ សម្បុរ ស ទំនងជា​ជនជាតិ​ចិន កាត់សក់​ខ្លី ពាក់​អាវយឺត ស ដៃ​វែង ខោ​ប្រផេះ ជើងវែង​។ នៅលើ​ដងខ្លួនសាកសព មានស្លាកស្នាម បែក​ក្បាលផ្នែកខាងក្រោយជាច្រើនកន្លែង និង​មាន​ស្នាម​រយះ កក្រោមចង្ការទាំងសងខាងទៀតផង ។​ ​
បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យរួចរាល់សពត្រូវបានដឹកយកទៅដំកល់ នៅនៅវត្តទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ និង​ប្រគល់ជូន ទៅ​សមត្ថកិច្ច​ជំនាញនៃ​នាយកដ្ឋាន​បច្ចេកទេសដើម្បីគ្រប់គ្រងនិងបន្ដស្រាវជ្រាវតាម​បច្ចេកទេសដើម្បីរកឲ្យឃើញអំពើឃាតកម្មយ៉ាងសាហាវនេះ៕
ដោយ÷សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here