តវ៉ានឹង «ម្ចាស់គម្រោងដីឡូតិ៍ក្រុងតាខ្មៅថ្មី» មិនបានធ្វើប្លង់រឹងជូនពលរដ្ឋ តាមការសន្យាជាង២ឆ្នាំមកហើយ

0
54

ខេត្តកណ្តាល៖កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ថ្មីៗនេះប្រជាពលរដ្ឋជាច្រើនរយនាក់ រស់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល និង ជាអតិថិជនដែលបានទិញដីឡូតិ៍ពីលោក អំ សំអូន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និង ជា «ម្ចាស់គម្រោងដីឡូតិ៍ក្រុងតាខ្មៅថ្មី» បានទាមទារអោយលោក អំ សំអូន ធ្វើប្លង់រឹងជូនពលរដ្ឋ តាមការសន្យា ព្រោះខកខានរយៈពេលជាង២ឆ្នាំមកហើយ ។ ប្រជាពលរដ្ឋ បានប្រមូលផ្តុំគ្នាមុខសាលាខេត្តកណ្តាល ដើម្បីទាមទារដំណោះស្រាយ ពីលោកអភិបាលខេត្តកណ្តាល ។

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នេះលោក រឿន រ៉ែន តំណាងប្រជាពលរដ្ឋ ថ្លែងប្រាប់ ថា ការតវ៉ានេះរហូតមកទល់ពេលនេះ ប្រជាពលរដ្ឋនៅពុំទាន់ទទួលបានដំណោះស្រាយពីអាជ្ញាធរនៅឡើយទេ ដោយលោក អំ សំអូន គឺ មានចេតនាមិនធ្វើប្លង់រឹងជូនប្រជាពលរដ្ឋ តាមការសន្យា ឡើយ ។ បញ្ហានេះ តំណាងពលរដ្ឋ អះអាងថា នឹងប្តឹងទៅខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អោយជួយអន្តរាគមន៍បន្ថែមទៀត ចំពោះបញ្ហានេះ ។
យ៉ាងណា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ថ្លែងប្រាប់ថា អាជ្ញាធរកំពុងពិនិត្យលើឯកសារពាក់ព័ន្ធ ហើយនឹងអញ្ជើញប្រជាពលរដ្ឋមកជួបពិភាក្សាគ្នា ជុំវិញបញ្ហានេះ នាពេលខាងមុខ។

យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បានអោយដឹងថា លោក អំ សំអូន បានទទួលប្រាក់ពីប្រជាពលរដ្ឋទាំងអស់គ្នា ខ្លះបានផ្តល់ឲ្យគ្រប់ចំនួន រីឯ ខ្លះទៀតនៅសល់បន្តិចបន្តួច និង ចាំទទួលបានប្លង់រឹងទើបឲ្យប្រាក់បង្គ្រប់ ។

គ្រប់ដីឡូតិ៍នីមួយៗ គឺ ទទួលបានការសន្យាពីឈ្មោះ សុខ វិចិត្រ ដែលជាតំណាងលោក អំ សំអូន ថា រយៈពេល៣ទៅ៦ខែ នឹងទទួលបានប័ណ្ណកម្មសិទ្ធិប្លង់រឹង ក្រោមការរៀបចំឯកសារកាត់ប្លង់ និង ចេញបង្កាន់ដៃដោយលោក ម៉ែន សាមិទ្ធ មន្ត្រីសូរិយោដីស្រុកស្អាង តែពេលនេះមិនធ្វើតាមការសន្យាឡើយ ៕
អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here