ថ្ងៃ១១តុលាមានមនុស្សស្លាប់៥នាក់ដោយទឹកជំនន់នៅទូទាំងប្រទេស

0
51

(ចេញផ្សាយថ្ងៃ១២.១០.២០)
ភ្នំពេញ៖ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា មានមនុស្ស៥នាក់បានស្លាប់ដោយសារលង់ទឹក ខណៈដែលបណ្តាខេត្តមួយចំនួនរបស់កម្ពុជា កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។នេះបើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់នៅថ្ងៃទី១២ ខែតុលានេះថា មនុស្សទាំង៥នាក់ដែលស្លាប់ដោយលក់ទឹកនេះ មាននៅក្នុងខេត្តស្វាយរៀងម្នាក់, ព្រៃវែងម្នាក់, បន្ទាយមានជ័យម្នាក់, កណ្ដាលម្នាក់ និងខេត្តកំពង់ធំម្នាក់។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ដែលងាយរងគ្រោះ និងរងគ្រោះដោយទឹកជំនន់ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរ និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដែលបានទៅអន្ដរាគមន៍ជួយសង្គ្រោះ។

គួរជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ មានបណ្តាស្រុកមួយចំនួន ខេត្តចំនួន១០ របស់ប្រទេសកម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង ឬមានកម្ពស់ទឹកឈានដល់ការប្រកាសអាសន្ន ក្នុងនោះរួមមាន៖ ខេត្តប៉ៃលិន, ព្រះវិហារ, កំពង់ឆ្នាំង , ស្ទឹងត្រែង, បន្ទាយមានជ័យ, បាត់ដំបង, សៀមរាប, ពោធិ៍សាត់, កំពង់ធំ និងខេត្តកំពង់ស្ពឺ។

បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម គឺប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួលឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ITCZ ទន្ទឹមនឹងនោះសម្ពាធទាបសកម្ម (Active Low) នៅចុងនៃប្រព័ន្ធសម្ពាធទាបវិវត្តប្រែប្រួលជាបន្តបន្ទាប់ ដែលធ្វើឲ្យស្ថានភាពធាតុអាកាស នៅក្នុងប្រទេសកម្ពុជា ទទួលភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនថ្ងៃក្នុងកម្រិតពីមធ្យមទៅច្រើន ដែលបណ្ដាលឲ្យខេត្តភាគពាយព្យ និងភាគខាងជើងស្ថិត ក្នុងភូមិសាស្ត្រជាប់ជួរភ្នំដងរែក ជួរភ្នំក្រវាញ បន្តទទួលរងនូវទឹកជំនន់ដោយសារទឹកភ្លៀងជាបន្តបន្ទាប់។

ក្នុងពេលជាមួយគ្នានោះនៅតំបន់មាត់សមុទ្រ និងលើផ្ទៃសមុទ្រអាចមានភ្លៀង ខ្យល់បក់បោក លាយឡំនឹងរលកសមុទ្រខ្ពស់ផងដែរ៕
ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here