ឃាត់ខ្លួនជនជាតិវៀតណាម១៦នាក់ នៅច្បារអំពៅ

ភ្នំពេញ៖ជនជាតិវៀតណាម១៦នាក់ មានស្រី៦នាក់ ត្រូវបានឃាត់ខ្លួនដោយ ក្រុមប្រតិបត្តិការចម្រុះរបស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី​ នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧ស្ថិតនៅភូមិច្រាំងបាក់ ផ្លូវលេខ ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ជនជាតិវៀតណាម១៦នាក់ មានស្រី៦នាក់ ត្រូវបានឃាត់ខ្លួន ក្រោយរកឃើញថា ពួកគេបានលួចឆ្លងដែនចូលស្នាក់នៅ និងធ្វើការងារខុសច្បាប់​(គ្មានលិខិតឆ្លងដែន និងគ្មានសៀវភៅការងារ)។ ជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនទៅសួរនាំបន្តទៀត នៅនាយកដ្ឋាន ដើម្បីចាត់ការ​តាមនីតិវិធី ឬ បញ្ជូនទៅស្រុកកំណើតវិញ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *