ខេត្តកណ្តាល ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ កុម្ភៈ ២០១៧អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានកោះធំ ដែលមានប្រវែងសរុប ៨២៤ម៉ែត្រ ចំណាយថវិកាសាងសង់សរុប ១៩.៣៩ លានដុល្លារអាមេរិក ជាថវិកាកម្ចីឥណទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណជា ២.៨លានដុល្លារអាមេរិក។
ស្ពាននេះមានទីតាំងចាប់ពីត្រង់គីឡូម៉ែត្រលេខ ៥៨+២០០ ស្ថិតលើផ្លូវជាតិលេខ២១ ត្រង់ចំណុចភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ តភ្ជាប់ពីផ្លូវជាតិលេខ២១ ពីត្រើយខាងលិចទន្លេបាសាក់ ឆ្លងទៅផ្លូវជាតិលេខ១១០ ដែលជាផ្លូវប្របមាត់ទន្លេនៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ ។
សូមបញ្ជាក់ថា ស្ពានកោះធំ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៥ មីនា ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ នាយករដ្ឋមន្ត្រី និងត្រូវបានចាក់បេតុងតភ្ជាប់នៅថ្ងៃទីទី០៨ សីហា ២០១៦ ៕ ប្រសើរ
