


ភ្នំពេញ៖បុរសម្នាក់ដែលអាងខ្លួនជាអ្នកបើករថយន្តឲ្យលោកផ្កាយ២បានវាយបុរសម្នាក់ទៀតហើមមុខគ្រាន់តែគាត់ហៅឈ្មោះសស់ដោយគិតថាជាអ្នកជិតខាង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩៖៥៥នាទីយប់ ថ្ងៃទី ១២ ខែកុម្ភះ ឆ្នាំ២០១៧ នៅតាមផ្លូវ៥១ភូមិ១សង្កាត់ផ្យាថ្មី៣ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុខ្លួនបានប្រាប់ឲ្យដឹងរូបគាត់មានឈ្មោះ ពិន សុវណ្ណារ៉ា អាយុ ៤៤ ឆ្នាំមុខរបរសារព័ត៌មានប្រាយដេញូវ មានទីលំនៅ នៅភូមិកើតហេតុខាងលើបានអង្គុយលេងជាមួយអ្នកជិតខាងពីរទៅបីនាក់ ស្រាប់តែរូបគាត់បានឃើញ ជនបង្កឈ្មោះ ផល អាយុ៣០ឆ្នាំជាងនោះមកដល់ ហើយខ្លួនក៏បានសួរសុខទុក្ខ តើ ឡូយ សុផល មកពីណា? ក៏ស្រាប់តែជនបង្ក បានស្ទុះមកវាយខ្លួនទាំងកំរោលបណ្តាលឲ្យហើមមុខយ៉ាងដំណំ រួចជនបង្កនេះបានស្រែកដាក់ខ្លួនថាអាញ់វ៉ៃឯង ឯង ទៅបឹ្តងអ្នកណាបឹ្តងទៅៗ ហើយក៏ឡើងទៅដេកនៅផ្ទះធ្វើមិនដឹងអីទាំងអស់។ ភ្លាមៗនោះខ្លួនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ផ្សារថ្មី៣ ដែលតែខាងសមត្ថកិច្ចថាឥឡូវយប់ហើយចាំព្រឹកចាំមកដាក់ពាក្យ។
តាមសម្តីសាក្សី ដែល អង្គុយលេងជាមួយជនរងគ្រោះ បាននិយាយថាកន្លងមកឈ្មោះផល នេះឲ្យតែផឹកសុីស្រវឹងតែងតែដើររករឿងគេឯង ហើយមិនដែលមានអ្នកណាហ៊ានជាមួយគាត់នោះទេព្រោះតែគាត់អាងខ្លួនជាអ្នកបើករថយន្តឲ្យអ្នកមានអំណាចម្នាក់ដែលតួនាទីជាឧត្តមសេនីយ៍ទោ ផ្កាយ២នៅភស្តុភារ និងហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃ។
បច្ចុប្បន្នជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នរគបាលផ្សារថ្មី៣ដើម្បីចាក់ការតាមនីតិវិធី៕សារ៉េត