តុលាការ​ហាមឃាត់​ អ្នក​វិភាគ​នយោបាយ​ ដែល​ចោទ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ សម្លាប់​លោក​បណ្ឌិត​កែម​ ឡី​ មិន​ឲ្យ​​ចេញ​ទៅ​ក្រៅ​ប្រទេស​

0
204

 

 

 

ភ្នំពេញ​៖តុលាការ​បាន​ហាមឃាត់​លោក​ គឹម​ សុខ​ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​និង​នយោបាយ​ ដែល​បាន​ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ ថា​ ជា​អ្នក​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ ​មិន​ឲ្យ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​ និង​ ត្រូវ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​ ខាង​មុខ​នេះ​ ។

លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១៣​ ខែ​កុម្ភៈ​ បាន​ចេញ​ដីកា​បង្គាប់​ កោះ​ហៅ​លោក​គឹម​ សុខ​ ក្នុង​នាម​ជា​ជនសង្ស័យ​ឲ្យ​ចូល​បំភ្លឺ​ ជុំវិញ​បណ្ដឹង​របស់​លោក​ ​គី​ តិច​ មេធាវី​តំណាង​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ។

លោក​​ សៀង​ សុខ​ បញ្ជាក់​ថា​ ដើម្បី​កុំឲ្យ​មាន​ការ​រាំងស្ទះ​ដល់​នីតិវិធី​នៃ​ការ​ស៊ើបអង្កេត​ ការ​ស្តាប់​ចម្លើយ​ជនសង្ស័យ​ និង​ ជា​មូលដ្ឋាន​ឈាន​ដល់​ការ​សម្រេច​សេចក្ដី​ឲ្យ​បាន​ត្រឹមត្រូវ​ អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ហាមឃាត់​មិន​ឲ្យ​លោក​ គឹម​ សុខ​ ចាកចេញ​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ​ ។

តុលាការ​ បាន​បង្គាប់​ឲ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ក្រសួងមហាផ្ទៃ​ ដែល​ត្រួតពិនិត្យ​ តាម​ច្រក​ព្រំដែន​ផ្លូវ​គោក​ ផ្លូវ​អាកាស​ និង​ ផ្លូវ​ទឹក​ ហាមឃាត់​លោក​ គឹម​ សុខ​ មិន​ឲ្យ​ចាកចេញ​ទៅ​ប្រទេស​ដទៃ​ជា​បណ្តោះអាសន្ន​ ។

គួរ​បញ្ជាក់​ថា​ លោក​ គី​ តិច​ ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ​ យល់​ថា​ ភស្តុតាង​ពិត​ជា​គ្រប់​គ្រាន់​ ដែល​អាច​ឲ្យ​តុលាការ​ចោទប្រកាន់​លោក​ គឹម​ សុខ​ បាន​ និង​ បាន​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ពីរ​ពាន់​លាន​រៀល​ ឬ​ ៥0ម៉ឺន​ដុល្លារ​អាមេរិក​ ។

បណ្តឹង​ព្រហ្មទណ្ឌ​នេះ​ ត្រូវ​បាន​លោក​មេធាវី​ គី​ តិច​ ដាក់​ចូល​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ​ ។

លោក​ គី​ តិច​ បាន​ផ្តល់​បទសម្ភាសន៍​ ក្រោយ​ពេល​ដាក់​ពាក្យ​បណ្ដឹង​រួច​ថា​ ក្នុង​វេទិកា​របស់​វិទ្យុ​អាស៊ី​សេរី​ កាលពី​យប់​ថ្ងៃ​ទី​១១​ ខែ​កុម្ភៈ​ ពិភាក្សា​អំពី​ ការ​លាលែង​របស់​លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ លោក​ គឹម​ សុខ​ បាន​បើក​ការ​វាយប្រហារ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​ថា​ គណបក្ស​ប្រជាជន​ បាន​រៀប​ចំ​ផែនការ​ប្លន់​អំណាច​ ជា​ពិសេស​បាន​ចោទប្រកាន់​ចំៗ​ថា​ គណបក្ស​ប្រជាជន​ ជា​អ្នក​សម្លាប់​លោក​ បណ្ឌិត​ កែម​ ឡី​ ។

លោកមេធាវី​ បញ្ជាក់​ថា​ ភស្តុតាង​មួយ​ចំនួន​ ពិសេស​ឃ្លីប​វីដេអូ​ដែល​លោក​ គឹម​ សុខ​ បាន​និយាយ​ នោះ​ គឺ​ គ្រប់គ្រាន់​ដែល​អាច​ឲ្យ​តុលាការ​ចោទប្រកាន់​លោក​ គឹម​ សុខ​ បាន​ តែ​ការ​សម្រេច​ចោទប្រកាន់​បទល្មើស​អ្វី​នោះ​ វា​ជា​សមត្ថកិច្ច​និង​ការ​ថ្លឹងថ្លែង​របស់​ព្រះរាជអាជ្ញា​ ។

ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​បែបនេះ​ ត្រូវ​បាន​លោក​ គី​ តិច​ ចាត់​ទុកថា​ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​ កិត្តិសព្ទ​ និង​ ភាពយន្ត​ស្អាតស្អំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ក៏​បញ្ជាក់​ពី​ចេតនា​ទុច្ចរិត​ បង្ក​ជា​ការ​ញុះញង់​បំផុស​បំផុល​ បញ្ឆេះ​កំហឹង​ដល់​មហាជន​ ដែល​អាច​ឲ្យ​កើត​ចលាចល​ ធ្ងន់ធ្ងរ​ក្នុង​សង្គម​ទាំង​មូល​ ៕​សិរសា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here