នាង​ហ្គិច​ជិះឡានបុក​ប្អូនតំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ ត្រូវ​តុលាការ​ចេញដិកាសម្រេច​ឃាត់ខ្លួន​

 

 

 

ភ្នំពេញ​:ស្ត្រីម្នាក់​ដែល​គេ​ដឹង​ថា​ឈ្មោះ​ ហេង​ ហ្គិច​ ហៅ​កែវ​ រតនៈ​ អាយុ​៣៦ឆ្នាំ​ បាន​ចូល​ខ្លួន​មក​កាន់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។កាលពី​រសៀល​ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ពាក់ព័ន្ធ​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឲ្យ​ប្អូន​ប្រុស​លោក​ ដាំ​ សិទ្ធ​ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​​របួសធ្ងន់​ ​។​

តាម​ប្រភព​ព័ត៌មាន​មួយ​បញ្ជាក់​ថា​ ក្រោយ​ការ​សាកសួរ​ របស់​លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ឃាត់ខ្លួន​នាង​ហ្គិច​ ដោយ​បញ្ជូន​ទៅ​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​បន្ត​ ។​
តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​​ថា​ នៅ​ថ្ងៃទី​១៤​ ខែ​កុម្ភៈ​ តុលាការ​នឹង​សាកសួរ​នាង​ហ្គិច​ មុន​ឈាន​ដល់​ការ​ចោទប្រកាន់​ជា​ផ្លូវការ​ ។

គួរ​រំលឹក​ថា​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​ ធ្វើ​ឲ្យ​ប្អូន​ប្រុស​បង្កើត​របស់​លោក​ដាំ​ សិទ្ធ​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ របួសធ្ងន់​ ហើយ​ជនបង្ក​បាន​រត់​គេច​ខ្លួន​ ។​

លោក​ ដាំ​ សិទ្ធ​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បញ្ជាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​២​ ខែមករា​ ឆ្នាំ​២០១៧​ ថា​ កាលពី​យប់​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៦​ ប្អូន​ប្រុស​ឈ្មោះ​ មាស​ សុវុទ្ធី​ អាយុ​២៧ឆ្នាំ​ បាន​ឈប់​អង្គុយ​លើ​ម៉ូតូ​ម៉ាក​ ZOOMER-X ពណ៌​ខ្មៅ​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​1FJ-5711 លើ​ចិញ្ចើម​ផ្លូវ​លេខ​៦០៨​ ត្រង់​ចំណុច​មុខ​ហាង​សមុទ្រ​កំពត​ ក្នុង​សង្កាត់​បឹងកក់​ ខណ្ឌ​ទួលគោក​ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ LEXUS-570 ពណ៌​ខ្មៅ​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​ AK-7999 បើកបរ​ពី​លិច​ទៅ​កើត​ ដោយ​បើក​បញ្រ្ចាស​ទិស​ទៅ​បុក​ប្អូនប្រុស​ ដែល​ឈប់​ស្ងៀម​ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ ។​ ក្រោយ​ហេតុការណ៍​នេះ​ ជនបង្ក​បាន​រត់​គេច​ខ្លួន​ ។
តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​ បាន​ឲ្យដឹងថា​ នៅ​ដំណាក់កាល​សមត្ថកិច្ច​ ​ជនបង្ក​និង​ក្រុមគ្រួសារ​ជនរងគ្រោះ​ បាន​ជួប​ចរចារ​គ្នា​ ដោយ​ក្រុម​ជនរងគ្រោះ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១១ម៉ឺន​ដុល្លារ​អាមេរិក​ ។​ ប៉ុន្តែ​ភាគី​ជនបង្ក​ មាន​លទ្ធភាព​ត្រឹម​៥០០០ដុល្លារ​អាមេរិក​ ។​ ដោយ​សារ​ការ​ចរចារ​ពីរ​លើក​មិន​ត្រូវ​រ៉ូវ​គ្នា​ សំណុំរឿង​នេះ​ ត្រូវ​បាន​បញ្ជូន​មក​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​បន្ត​នីតិវិធី​ ។

ក្នុង​នោះ​ លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​ បាន​កោះហៅ​ជនសង្ស័យ​ចូល​បំភ្លឺ​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៧​ ខាងមុខ​នេះ​ ។

ពាក់ព័ន្ធករណី​នេះ​ ក្រុមអ្នកច្បាប់អះអាងថា ជនបង្កអាចប្រឈមនឹងការចោទប្រកាន់​ចំនួន​២បទល្មើស​ គឺបទព្រហ្មទណ្ឌ ក្នុងការបើករថយន្តទៅបុកជនរងគ្រោះដែលអង្គុយលើម៉ូតូនៅលើចិញ្ចើមផ្លូវ និងបទប៉ុនប៉ងធ្វើ​មនុស្ស​ឃាត ពេលថយរថយន្តប៉ុនប៉ងកិនមិត្តភក្តិជនរងគ្រោះដែលតាមថត​ផ្លាក​លេខរថយន្តក្រោយពេលកើតហេតុ។

លោក​ ដាំ​ សិទ្ធ​ ស្នើ​ដល់​តុលាការ​មេត្តា​ចាត់វិធានការទៅលើជនបង្កឈ្មោះ ហេង ហ្គិច ហៅ កែវ រតនៈ តាមច្បាប់ ព្រោះជននេះក៏ធ្លាប់មានជាប់ពាក់ព័ន្ធនឹងបទល្មើសនាពេលកន្លងមកផងដែរ​ ៕​សិរសា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *