ចេញផ្សាយ:20.01.2021
ភ្នំពេញ៖ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីបានចុះទៅរំដោះជនជាតិចិន២នាក់នៅក្នុងហាងចិនមួយកន្លែងដែលស្ថិតនៅខាងជេីងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន ដែលគេសង្ស័យជាករណីជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នា។
មុនពេលកេីតហេតុគេបានឃេីញជនជាតិចិនមួយក្រុមប្រើរថយន្តមួយគ្រឿងដឹកជនរងគ្រោះមកដាក់នៅក្នុងហាងខាងលេីចំនួន២ទៅ៣ថ្ងៃមកហេីយ។ លុះមកដល់វេលាម៉ោង៩យប់ជនសង្ស័យក៏នាំគ្នាបេីករថយន្តចេញទៅដោយចាក់សោហាងពីខាងក្រៅ។ចំណែកជនជាតិចិន២នាក់ជាជនរងគ្រោះនៅខាងក្នុង។ ពេលទទួលបានព័ត៌មាននេះភ្លាមកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនចុះមកដល់ទីតាំងកេីតហេតុហើយបានរំដោះជនរងគ្រោះទាំង២នាក់យកទៅសួរនាំ។
មកដល់ពេលនេះគេមិនទាន់ទទួលព័ត៌មានលម្អិតក្នុងករណីនេះទេនិងពុំអាចសុំការបំភ្លឺពីកម្លាំងកងរាជអាវុធហត្ថខណ្ឌចំកាតមនបានទេ ដោយគ្រាន់តែសង្ស័យថាជាករណីជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នានោះ៕
អូន ធូក