ទំនាស់រឿងចតរថយន្ត ខ្មាន់កាំភ្លើង ហៅបក្ខពួកមកបាញ់ស្លាប់៣នាក់យ៉ាងសាហាវ

0
54

ចេញផ្សាយ: 12.02.2021

ភ្នំពេញ: គ្រាន់តែរឿងចតយានយន្តសោះ បែរជាបង្កជម្លោះបាញ់ប្រហាគ្នាស្លាប់អស់៣នាក់ចំថ្ងៃសែនចូលឆ្នាំចិន ដែលមើលទៅពិតជាគួរឲ្យសាហាវណាស់ខ្មែរអើយខ្មែរ។
រឿងនេះកើតឡើងដោយសារអ្នកបើកម៉ូតូកង់បីឥណ្ឌា(ឡំប្រឺតា)ម្នាក់ជាខ្មាន់កាំភ្លើងមានទំនាស់ជាមួយម្ចាស់រថយន្តមួយគ្រឿងខណៈដែលគាត់បើកមកឈប់ចតនៅមុខផ្ទះមួយភ្លែត ក៏កើតជាជម្លោះពាក្យសម្តីដាក់គ្នាមួយប្រាវ រួចខ្មាន់កាំភ្លើងជាអ្នករត់ឡំប្រឺតានោះបានហៅបក្ខពួកមកបាញ់ប្រហារ៣គ្រាប់បណ្ដាលឲ្យបុរស៣ នាក់ស្លាប់ជាបន្តបន្ទាប់។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៧ និង ៣០ នាទីយប់ថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២១ នៅចំណុចមុខហាងលក់ទូរស័ព្ទយីហោពន្លកថ្មី ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា
ជនរងគ្រោះទី១ មានឈ្មោះប៉ូ សូភី, ទី២ មានឈ្មោះសុី ដេត និងទី៣ មិនស្គាល់អត្តសញ្ញាណ។
មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងមកឈប់ចតមួយភ្លែតនៅមុខផ្ទះដើម្បីដាក់កូននៅក្បែរកន្លែងកើតហេតុខាងលើ។ បន្ទាប់មកគេឃើញបុរសម្នាក់បើកឡំប្រឺតាមួយគ្រឿងមកពីក្រោយរួចស៊ីផ្លេឱ្យរថយន្តអែប ខណ:ផ្លូវកំពុងមានការកកស្ទះ រួចក៏មានជម្លោះពាក្យសម្តីដាក់គ្នាមួយប្រាវ។ បន្ទាប់មកអ្នកបើកឡំប្រឺតាក៏បានបើកចេញទៅបាត់ទៅ។ ក្រោយមកនៅម៉ោងកើតហេតុខាងលើស្រាប់តែលេចមុខអ្នកបើកឡំប្រឺតាជាខ្មាន់កាំភ្លើងបានហៅបក្ខពួកជិះម៉ូតូជាច្រើនគ្រឿងមកកន្លែងកើតហេតុវិញ រួចខ្មាន់កាំភ្លើងជាអ្នកបើកឡំប្រឺតាបានស្ទុះទៅដកកាំភ្លើងពីបក្ខពួកដែលជិះម៉ូតូយកមកបាញ់សំដៅទៅលើម្ចាស់រថយន្តខណៈដែលគាត់កំពុងអង្គុយលេងជាមួយជនរងគ្រោះកំពុងផឹកស៊ីនៅមុខហាង ចំនួន៣គ្រាប់។គ្រាប់កាំភ្លើងបានហោះទៅត្រូវបុរស៣នាក់បណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមនៅនឹងកន្លែងកើតហេតុនិង២នាក់ទៀតរងរបួសធ្ងន់បានស្លាប់នៅក្នុងមន្ទីរពេទ្យ។ចំណែកខ្មាន់កាំភ្លើងនិងបក្ខពួកបាននាំគ្នាបើកឡំប្រឺតានិងម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ភ្លាមៗនោះដែរសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការហ៊ុមព័ទ្ធនៅចំណុចទីតាំងកើតហេតុនិងបន្តស្រាវជ្រាវដើម្បីតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បប់ឲ្យខាងតែបាន៕
អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here