ដកចេញសន្តិសុខម្នាក់យកភាស៊ីលើសសៀវភៅបន្ទុកនិងទាត់កញ្រ្ចែងពងទាអ្នកលក់ទន់ខ្សោយ

ចេញផ្សាយ÷22.03.2021

ខេត្តព្រសីហនុ៖ នៅរសៀលថ្ងៃថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំមួយដើម្បីដកបុគ្គលិកសន្តិសុខពីក្របខណ្ឌមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ បន្ទាប់ពីបានទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករ។លោក គួច ចំរើន បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបានបើកកិច្ចប្រជុំបន្ទាន់ទាក់ទងទៅនឹងករណីសន្តិសុខ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ បានទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករ ដែលបានកើតឡើងកាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកបានបញ្ជាលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ដើម្បីចុះធ្វើការស្រាវជ្រាវលើករណីនេះបន្ទាន់។ ក្រោយមកក៏ទទួលបានព័ត៌មាន ពីអ្នកគ្រប់គ្រងផ្សារថា ភាគីទាំងពីរបានស្រុះស្រួលគ្នាដោយមិនមានការប្តឹងផ្តល់អ្វីឡើយ ដូច្នេះលោកក៏បានណែនាំឱ្យមានការថតវីដេអូខ្លីបបង្ហាញពីហេតុផល និងបញ្ហាដែលបានកើតឡើង។ តាមរយៈវីដេអូខ្លីបដែលភាគីទាំងពីរ(សន្តិសុខ និងអាជីវករ) បានធ្វើការបកស្រាយ បង្ហាញថាហេតុផលនៃបញ្ហាដែលបានកើតឡើង ផ្តើមចេញពីទំនាស់ និងមានចេតនាបំផ្លាញទំនិញរបស់អាជីវករ មិនមែនជាការថយប៉ះធ្វើឱ្យខូចខាតនោះទេ។ ទើបលោកបញ្ជាឱ្យឃុំខ្លួនសន្តិសុខរូបនោះដោយមិនអនុញ្ញាតឱ្យដោះលែងឡើយ គឺត្រូវតែធ្វើការឱ្យបានហ្មត់ចត់ បើទោះបីជាមានសំណងថ្លៃពងទាដែលរងការខូចខាតក៏ដោយ តែបុគ្គលរូបនោះត្រូវទទួលខុសត្រូវនូវទង្វើដែលខ្លួនបានប្រព្រឹត្ត ហើយត្រូវមានការដោះស្រាយជាសាធារណៈនិងបញ្ឈប់ធ្វើការងារនេះបន្តទៀត៕
សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *