បាត់ដំបង៖ អ្នកបើកបររថយន្តតូយ៉ូតាកាមម្នាក់រីបានរងរបួសធ្ងន់បែកក្បាល ដោយបើកបររថយន្តងោកមួយភាំង រេចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ នៅចំណុចជើងភ្នំប្រុស ស្ថិតក្នុងភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ដួង ចិត្រា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររកស៊ីដឹកត្រីលក់រស់នៅភូមិអូរឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តតូយ៉ូតាកាមរី ពណ៌ស ពាក់ស្លាកលេខ ផ១០៣៩ ភព២ រងការខូចខាតមធ្យម។
ប៉ូលិសដដែលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ដោយខ្លួនឯងនេះ គឺបណ្តាលមកពីអ្នកបើកបររថយន្តបើកបរមានល្បឿនលឿន ហើយងោកមួយភាំង ទើបរេចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ ខណៈដែលគេដឹងថាជនរងគ្រោះជាអ្នករកស៊ីដឹកត្រី តែងតែងើបទៅដឹកត្រីនៅព្រំដែនពេលយប់ងងឹត ហើយអត់ងងុយក៏ងោកមួយភាំង ៕ សម្បត្តិ
