រថយន្តដឹកដីបំផ្លាញផ្លូវលំមួយខ្សែក្លាយជាថ្លុកត្រពាំង អាជ្ញាធរមូលដ្ឋានមានបើកភ្នែកមើលទេ?

ចេញផ្សាយ÷30.05.2021

ខេត្តបន្ទាយមានជ័យ÷ ពិតជាអាសូរផ្លូវលំមួយខ្សែនេះណាស់វាមានប្រវែង៦៣០ម៉ែត្រសោះក្លាយជាថ្លុកត្រពាំងទៅហើយ។
ផ្លូវលំនេះស្ថិតក្នុងភូមិ ប្រជាធម្មលិច មណ្ឌល១ សង្កាត់ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ត្រូវបំផ្លាញដោយរថយន្តធុនតូច-ធំចូលដឹកដីព្រឹកល្ងាចឲ្យក្លាយជាជង្ហុកធំៗប្រៀបដូចថ្លុកក្របី។អាជ្ញាធរមូលដ្ឋានមិនបើកភ្នែកមើលឡើយសុខចិត្តបិទភ្នែកទុកឲ្យរថយន្តទាំងនោះធ្វើអាជីវកម្មបំផ្លាញផ្លូវតាមចិត្ត។
ប្រជាពលរដ្ឋរស់នៅភូមិខាងលើ បានឲ្យដឹងថា ផ្លូវលំមួយខ្សែផ្សេងជាប់ផ្លូវនេះជាត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែតសហការជាមួយអង្គការក្រៅរដ្ឋាភិបាលមូយស្ថាបនាកែលម្អច្រើនឆ្នាំមកហើយ និងបានចាក់បេតុងងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរទៀតផង។ប៉ុនែ្តកន្លងមកនៅសល់ផ្លូវមួយនេះដែលធ្វើមិនទាន់ហើយមានប្រវែងប្រហែលជាងកន្លះគីឡូម៉ែត្រមិនដឹងថាមូលហេតុអ្វីបានជាអាជ្ញាធរមូលដ្ឋានមិនព្រមធ្វើ? ឬមួយត្រូវរ៉ូវនឹងឈ្មួញបានជាគេឃើញមានរថយន្តឈ្មួញដឹកទំនិញ ជាពិសេសរថយន្តធ្វើអាជីវកម្មដឹកអាចម៍ដីធ្វើដំណើរឆ្លងកាត់២៤ម៉ោងលើ២៤ម៉ោងបណ្តាលឲ្យផ្លូវស្រុត ក្លាយជាជង្ហុកដូចរន្ធបាយខុមឬដូចថ្លុកក្របីទៅហើយ។ នៅពេលមានភ្លៀងធ្លាក់ម្តងៗ ផ្លូវលំដ៏អភ័ព្វមួយនេះបែកភក់បែកម៉ាំ ធ្វើឲ្យកង់ម៉ូតូប្រជាកសិករដឹកកសិផលយកទៅលក់លើទីផ្សាររអឹលដួលដាច់ដៃដាច់ជើងនិងខូចខាតទំនិញរបស់គាត់ជាញឹកញាប់។
ប្រជាពលរដ្ឋម្នាក់បានថតជាវីដេអូនូវសកម្មភាពខូចខាតផ្លូវនេះដែលរអឹលដូចខ្លាញ់និងមានជង្ហុកដក់ទឹកយ៉ាងច្រើនស្អេកស្កះដោយសាររថយន្តដឹកទំនិញនិង រថយន្តដឹកដី សុំឲ្យអាជ្ញាធរមូលដ្ឋានបានជ្រាបនិងជួយទៅស្រោចស្រង់ផ្លូវមួយខ្សែនេះផង។ ប្រជាពលរដ្ឋរូបនេះស្រែកថា” ពូៗ មេៗ អើយ! ជួយមើលផ្លូវមួយខ្សែនេះផង! ”
ទាក់ទិនរឿងនេះលោក សម្បត្តិ មេភូមិ ប្រជាធម្មលិច បានប្រាប់ថា ផ្លូវដែលចាក់បេតុងហើយមានប្រវែងជិត៤គីឡូម៉ែត្រស្ថិតនៅក្នុងគម្រោងនៃផែនការ៣ឆ្នាំរំកិលរបស់សង្កាត់។ឯផ្លូវលំដែលរងការខូចខាតនេះមានប្រវែង៦៣០ម៉ែត្រអាចនៅក្រៅគម្រោងអភិវឌ្ឃន៍។
ចំណែកលោក ស្រិល អ៊ិន ចៅសង្កាត់ផ្សារកណ្តាលបានប្រាប់ថាផ្លូវលំដែលរងខូចខាតដោយសារឡានដឹកដីធ្វើផ្លូវតាមផែនការរួចទៅហើយនោះជាផ្លូវក្រៅគម្រោង តែលោកបានស្នើសុំទៅលោកអភិបាលក្រុងត្រូវតែចាក់បេតុងផ្លូវនេះផងដែរ។
លោកចៅសង្កាត់អះអាងថា ជាមួយការកៀងគរដល់សប្បុរសជនមួយចំនួនជួយជាថ្មក្រាលនិងគម្រោងសង្កាត់ផងដែរនោះផ្លូវនេះរៀបនឹងស្ថាបនាទៅហើយតែបែរជាមានភ្លៀងធ្លាក់ជោកជាំធ្វើឲ្យអាក់ខាន។តែយ៉ាងណាលោកចៅសង្កាត់បញ្ជាក់ថា បើគ្រោះធម្មជាតិមានអំណោយផលយើងត្រូវធ្វើឲ្យហើយនៅឆ្នាំនេះឬឆ្នាំក្រោយ៕
សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *