រន្ទះបាញ់ស្លាប់២នាក់របួស២នាក់នៅស្រុកក្រគរ

ចេញផ្សាយ÷03.06.2021

ខេត្តពោធិ៍សាត់ ៖ រន្ទះបានឆក់យកជីវិតមនុស្ស២នាក់ ត្រឹមមួយប៉ប្រិចភ្នែក និង២នាក់ផ្សេងទៀតបានរងរបួស នៅគ្រាដែលពួកគាត់កំពុងនាំគ្នាធ្វើរោងចាំស្រែ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤ និង០០នាទី រសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចវាលស្រែ(ត្រពាំងឃ្លៃ)ស្ថិតនៅភូមិសាន.ស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
មន្រ្តីនគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះទី-១ ឈ្មោះ ឃា សាមឿន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ(ស្លាប់)មានប្រពន្ធ និងកូនប្រុសស្រីចំនួន៥នាក់ក្នុងបន្ទុកគ្រួសារ ទី-២ ឈ្មោះ ពេច ប៊ុនធឿន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ(ស្លាប់)មានប្រពន្ធ និងកូនស្រី១នាក់ក្នុងបន្ទុកគ្រួសារ ទី-៣ ឈ្មោះ ខន សុខឃីម ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ(របួស)ទី-៤ ឈ្មោះ ប៉ាន កាន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ(របួស)។ជនរងរបួស និងស្លាប់ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។

លោក អធិការបន្តទៀតថា ជនរងរបួសត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ចំណែកជនរងគ្រោះ(ស្លាប់)ធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ លោកអធិការបញ្ជាក់ទៀតថា គ្រោះថ្នាក់នេះកើតឡើងដោយសារក្រុមជនរងរបួស និងស្លាប់នាំគ្នាធ្វើរោងចាំស្រែ លុះនៅវេលាខាងលើមេឃស្រទំ និងរលឹមស្រិចៗ លាយឡំទៅដោយខ្យល់ ផ្គរ ស្រាប់តែមានភ្នែកបន្ទោរ និងរន្ទះបាញ់ចំតែម្ដង ៕
សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *