ស្នងការខេត្តបាត់ដំបងសម្រេចដកបញ្ឈរជើង លោក យឹម វិចិត្រ មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោក

ចេញផ្សាយ÷05.06.2021

ខេត្តបាត់ដំបង ៖ លោកស្នងការនគរបាលខេត្តបាត់ដំបងសម្រេចដកបញ្ឈរជើងលោក វរសេនីយ៍ឯក យឹម វិចិត្រ មេបញ្ជាការវរសេនាតូច នគរបាល ការពារព្រំដែនគោកលេខ ៨២៣ ប្រចាំ ស្រុកសំឡូត បន្ទាប់ពីបានប្រើហិង្សាទៅលើនាយផ្នែកភស្តុភា ម្នាក់។
ប្រភពពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះលោកសាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្ត បានចេញលិខិតបង្គាប់ការ និងបានចុះប្រកាសដកបញ្ឈរជើងលោកយឹម វិចិត្រហើយ។

សូមបញ្ជាក់ថា ថ្មីៗនេះ មានករណីហិង្សាមួយបានកើតឡើង នៅក្នុងទីតាំងវរៈសេនាតូចលេខ៨២៣ ដោយនៅព្រឹកនោះ មាន មន្ត្រីនគរបាល យ៉ាងច្រើនកុះករត្រៀម ចូលរួមក្នុងកិច្ចប្រជុំ គណៈបញ្ជាការកងឯកភាពស្រុក ក្រោម អធិបតីភាពលោក ណុប ដារ៉ា អភិបាលរងខេត្ត ក្នុងទិសដៅការពារ និងទប់ស្កាត់ បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ នៅពេលនោះលោក យឹម វិចិត្រ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៣ បាន វាយទៅលើលោក នាយផ្នែក ភស្តុភាទាំងកណ្តាលចំណោមមនុស្សដែលជាទង្វើមើលងាយនិងប្រមាថ យ៉ាង ខ្លាំងដល់មន្ត្រីក្រោមឱវាទ។
លោក យឹម វិចិត្រ ត្រូវបានការិយាល័យបុគ្គលិក កោះហៅឲ្យចូលខ្លួនដើម្បីសាកសួរ ហើយលោកក៏បាន សារភាពថា ពិតជាបានវាយទៅលើបុគ្គលនោះមែន ។
ប្រភពដដែលបានឲ្យដឹងទៀតថា
លោក វរសេនីយ៍ទោ មាស មឿន ដែលជាមេបញ្ជាការរងត្រូវទទួលដឹកនាំវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៨២៣ រហូតដល់មានការសម្រេចជាថ្មី
ក្រោយដក លោក យឹម វិ ចិត្រ ជាបណ្តោះអាសន្ន ៕
សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *