ប្រជាពលរដ្ឋប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសេសសល់ ពីសម័យសង្រ្គាមជាច្រើនគ្រាប់

ចេញផ្សាយ÷09.06.2021
ខេត្តបាត់ដំបង÷ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ យ៉ាវ យូន ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៨ ខែមិថុនានេះថារូបគាត់បានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ក្នុងខណៈដែលកំពុងនេសាទត្រីនៅតាមដងស្ទឹងក្នុងមូលដ្ឋានខាងលើ។
លោកវរសេនីយ៍ឯក សន និល បញ្ជាក់ថា ក្រោយទទួលបានព័ត៌មាននេះលោកចាត់កម្លាំងចុះទៅត្រួតពិនិត្យយុទ្ធភ័ណ្ឌទាំងនោះឃើញមាន៖ -គ្រាប់មីនប្រភេទ72A ចំនួន ៣៦គ្រាប់-គ្រាប់កាំភ្លើងប្រភេទB40 ចំនួន ០៣គ្រាប់-គ្រាប់កាំភ្លើងប្រភេទK57 ចំនួន ៥០០គ្រាប់។
តាមការវាយតម្លៃរបស់សមត្ថកិច្ចជំនាញអះអាងថាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនេះមួយចំនួនមានគុណភាពនៅឡើយ ឯមួយចំនួនទៀតច្រែះចាប់ ដែលបន្សល់ទុកក្នុងអំឡុងសម័យសង្រ្គាមមកម្ល៉េះ។ចំណុចនោះជាតំបន់សមរភូមិប្រយុទ្ធដ៏ស្រួចស្រាល់មួយក្នុងចំណោមចំណុចផ្សេងទៀតក្នុងស្រុករតនមណ្ឌល ហើយយុទ្ធភ័ណ្ឌទាំងនេះអាចជារបស់កងទ័ពក្នុងសម័យនោះដែលរក្សាទុកនៅទីកន្លែងនោះសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធ ។ ប៉ុន្តែនៅពេលក្រោយមកយុទ្ធភ័ណ្ឌទាំងនេះ បានកប់ទៅក្នុងដីក្រោមគុម្ពឫស្សីក្បែរមាត់ស្ទឹងហើយក្នុងប៉ុន្មានថ្ងៃនេះ នៅចំណុចនោះមានភ្លៀងធ្លាក់ខ្លាំងមានទឹកហូរច្រោះដីជាហេតុធ្វើឱ្យយុទ្ធភ័ណ្ឌទាំងនេះផុសចេញមកពីគុម្ពឫស្សីទើបប្រជាពលរដ្ឋលោកប្រទះឃើញនិងរាយការណ៍ជូនសមត្ថកិច្ច។
លោកបានរំលឹកថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅសមត្ថកិច្ចនគរបាលស្រុករតនមណ្ឌល ត្រូវបានប្រជាពលរដ្ឋរាយការណ៍ពីករណីប្រទះឃើញគ្រាប់មីនប្រភេទ72A ចំន១២គ្រាប់ ម្តងរួចមកហើយក្នុងខណៈដែលប្រជាពលរដ្ឋលោកភ្ជួរដីចម្ការរបស់គាត់ នៅចំណុចភូមិជីប៉ាងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ យ៉ាងណានៅពេលនេះសមត្ថកិច្ចនគរបាលបានផ្តល់ព័ត៌មានជូនទៅអង្គភាពកម្ចាត់មីនកម្ពុជាCMAC ដើម្បីជ្រាបនិងចាត់ចែងតាមជំនាញទៅប្រមូលយកនិងត្រៀមកម្ទេចចោលរួចហើយ៕
សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *