រដ្ឋបាលរាជធានីភ្នំពេញសម្រេចបន្តបិទ សាលារៀន, ​ខារ៉ាអូខេ, ​រង្គសាល, ​ឌីស្កូតែក, ​បៀហ្គាឌិន, កាស៊ីណូ, រមណីយដ្ឋាន, សារមន្ទីរ, សួនកម្សាន្ត, ហាងម៉ាស្សា, រោងភាពយន្ត, រោងសម្ដែងសិល្បៈ, ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា រយៈពេល ១៤ ថ្ងៃ (១០-២៣កក្កដា)

ចេញផ្សាយ÷10.07.2021

ភ្នំពេញ÷ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច
ប្រការ១ …ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈ ឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១០ ខ កក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។

ប្រការ២ …ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចខាងក្រោម៖
– សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងតែសាលារៀនដែល ធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ

– អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារា៉អូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ
– រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្តនានា
– អាជីវកម្មម៉ាស្សា
– រោងភាពយន្ត រោងសម្ដែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។

ក្រៅពីសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដូចបានកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀតទៅតាមស្ថានភាព វិវឌ្ឍន៍ជាក់ស្ដែង ដោយអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ប្រការ៣…ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬ ការប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជនដែលមានលក្ខណៈកុះករកកកុញ មិនឱ្យលើសពី ១៥ (ដប់ប្រាំ)នាក់ លើកលែងតែចំពោ ករណី ដូចខាងក្រោម៖
– ការជូបជុំក្នុងចំណោមសមាជិកគ្រួសារ និងរង្វង់សាច់ញាតិ ដែលរស់នៅក្នុងលំនៅឋាន ឬ ទីសំណាក់ ជាមួយគ្នា ក្នុងកម្មវិធីប្រពៃណី និងពិធីសាសនាផ្សេងៗ
– ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច និងក្រោយពេលយកសំណាកសាកសពទៅវិភាគរកមេរោគកូវីដ-១៩ ដោយទទួលបានលទ្ធផលអវិជ្ជមាន
– ការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វាក់សាំង ការពារជំងឺកូវីដ-១៩
– ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត
– ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
– ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬ របស់សាលាជម្រះក្តី
– ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ចឬ ក្នុងគោលបំណង
– ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ដើម្បីបំពេញការងារបម្រើឱ្យសកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម ដែលមិនត្រូវបានហាមឃាត់ដូចក្នុងប្រការ២ នៃសេចក្ដីសម្រេចនេះ។
ក្រៅពីករណីលើកលែងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេចផ្អាកការជួបជុំ ឬ ការប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជនដែលអាចមានហានិភ័យខ្ពស់ផ្សេងទៀតទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្តែង ដោយអនុលោម តាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ប្រការ៤ -..រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលមិនត្រូវបានហាមឃាត់ដូចក្នុងប្រការ២ នៃសេចក្តី សម្រេចនេះ និងរាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលត្រូវបានលើកលែងដូចក្នុងប្រការ៣ នៃសេចក្តីសម្រេចនេះ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ច រក្សាតម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ការពារ និង ៣កុំ” របស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រការ៥ …ប្រគល់ភារកិច្ចជូនរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ដើម្បី សហការចុះត្រួតពិនិត្យ និងអនុវត្តវិធានការរដ្ឋបាល ផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដូចមានចែងក្នុងប្រការ២ និង ប្រការ៣ ខាងលើ ឲ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *