ស្រ្តីម្នាក់សម្រាលកូនប្រុសម្នាក់កណ្តាលផ្លូវពេលម៉ូតូអស់សាំង

ចេញផ្សាយ÷28.08.2021

ខេត្តរតនគិរី÷ស្រ្តីក្រីក្រម្នាក់បានសម្រាលកូននៅពាក់កណ្តាលផ្លូវ គ្រាដែលបុរសជាប្ត្តីដឹកតាមម៉ូតូយកទៅសម្រាលក្នុងមណ្ឌលសុខភាពស្រុកកូនមុំដូចគេឯងសោះ តែពេលធ្វើដំណើរដល់ពាក់កណ្តាលផ្លូវម៉ូតូអស់សាំង ប្តីយកម៉ូតូទៅរកទិញសាំងចាក់ម៉ូតូ ស្រាប់តែប្រពន្ធឈឺពោះឆ្លងទន្លេបានកូនប្រុសម្នាក់យ៉ាងទ្រលុកទ្រលន់បាត់ទៅហើយ។
រឿងហេតុគួរឲ្យហួសចិត្តនេះ បានធ្វើឲ្យភ្ញាក់ផ្អើលនាវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នៅលើផ្លូវជាតិលេខ៧៨ ត្រង់ចំណុចព្រំប្រទល់ភូមិត្រពាំងច្រេះនិងភូមិត្រពាំងក្រហម ក្នុងស្រុកកូនមុំ ខេត្ត រតនគិរី។
គ្រួសារអភ័ព្វនេះត្រូវបានគេស្គាល់ថា បុរសជាប្តីឈ្មោះ ស្រ៊ុន ស្រ៊ាង អាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះ ខេង ស្រីនាង អាយុ ២២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ហើយកូនប្រុសដែលកើតតាមដងផ្លូវនេះជាកូនដំបូងមានទម្ងន់៣ គ.ក្រ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើលនេះ មានមន្ត្រីប៉េអឹមម្នាក់បានដើរហាត់ប្រាណតាមដងផ្លូវជាតិលេខ៧៨ ស្រាប់តែប្រទះឃើញស្រ្តីរូបនេះកំពុងឈឺពោះឆ្លងទន្លេដោយប្តីរបស់នាងកំពុងឆ្លេឆ្លារកអ្នកភូមិមកជួយសម្រាល។ពេលឃើញដូច្នេះ គាត់ក៏បានទូរស័ព្ទទៅកាន់មណ្ឌលសុខភាពសុំឲ្យគ្រូពេទ្យយករថយន្តមកជួយសង្រ្គោះស្រ្តីខាងលើទៅកាន់មណ្ឌលសុខភាពដើម្បីសម្រាលកូនតាមសម្រួល។ ប៉ុន្តែ ពេលក្រុមគ្រូពេទ្យមកដល់ នាងបានសម្រាលបានកូនប្រុសមួយយ៉ាងទ្រលុកទ្រលន់រួចទៅហើយ។
អ្នកស្រី ស៊ុំ សុវណ្ណ អនុប្រធានមណ្ឌលសុខភាពស្រុកកូនមុំបានឲ្យដឹងថា ស្ត្រីរូបនេះនិងកូនដែលទើបនឹងសម្រាលមានសុខភាពល្អណាស់ហើយត្រូវបានគ្រូពេទ្យឆ្មបដឹកតាមរថយន្តទៅសម្រាកទទួលសុខភាពនិងថែទាំនៅមណ្ឌលសុខភាពភ្លាមៗដែរ។
យ៉ាងណាបុរសជាប្តីបានលើកដៃសំពះសុំចិត្តសប្បុរសជនមេត្តាជួយដល់គ្រួសារគាត់ផង ព្រោះគាត់មានជីវភាពក្រីក្រណាស់ ហើយពេលនេះកំពុងជួបវិបត្តិជំងឺកូវីដ.១៩ទៀត រឹតតែទុក្ខត្រួតលើទុក្ខ។ ប្រសិនបើ មានចិត្តមេត្តាធម៌មែននោះសូមទំនាក់ទំនងតាមទូរស័ព្ទលេខ 0974966579 គ្រួសារនេះពិតជាដឹងគុណលើសលប់មិនខាន៕
សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *