មហាជនអះអាងថាដំណោះស្រាយដីធ្លីរបស់លោកអភិបាលខេត្តកំពត មានតម្លាភាពជាងលោកអភិបាលខេត្តកែប

ចេញផ្សាយ÷02.09.2021

ខេត្តកំពត÷ ជាយុទ្ធសាស្រ្តក្នុងការដឹកនាំឬជាយុទ្ធវិធីទឹកត្រជាក់ត្រីកុំ ពោលអាចនិយាយបានថាជាយុទ្ធសាស្រ្តតាមរូបមន្ត ឈ្នះឈ្នះ ដែលប្រមុខរាជរដ្ឋាភិបាលតែងអនុវត្តបែបណានោះទេ ទើបធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ខ្លាំងចំពោះដំណោះស្រាយជូនប្រជាពលរដ្ឋយ៉ាងមានតម្លាភាព ព្រហ្មវិហារធម៌ និងសច្ចធម៌ អាចទទួលយកបានរបស់លោកអភិបាលខេត្តចំនួន២ ក្នុងចំណោមអភិបាល រាជធានី ខេត្តទាំង២៥ គឺខេត្តពោធិ៍សាត់ និងខេត្តកំពត ។
ក្រៅពីលោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់ដែលមហាជនកោតសរសើរក្នុងការរកដំណោះស្រាយជូនប្រជាពលរដ្ឋមានតម្លាភាពនោះ ពេលនេះគេបានសម្លឹងឃើញលោក ជាវ តាយ អភិបាលខេត្តកំពត ម្នាក់ទៀតថា ជាអភិបាលខេត្តមានសុភវិនិច្ឆ័យនិងប្រកបដោយព្រហ្មវិហារធម៌។
ជាក់ស្តែងកាលពី រសៀល ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានអញ្ជើញជួបជាមួយប្រជាពលរដ្ឋចំនួន ៧នាក់ តំណាងឲ្យប្រជាពលរដ្ឋ ១៤ គ្រួសារ ដែលមានបញ្ហាដីធ្លីនៅតំបន់នៅខាងក្រោយចម្ការ ម៉ៃសាក់ ភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ដែលកន្លងមកខណ្ឌរដ្ឋបាលព្រៃឈើកំពត បានដាក់ពាក្យបណ្ដឹងទៅតុលាការ អំពីការកាប់រានដីព្រៃខុសច្បាប់ និងបានឃាត់ខ្លួន ប្រជាពលរដ្ឋ ០១នាក់ផងដែរ។
ក្រោយពីស្តាប់របាយការណ៍របស់នាយខណ្ឌរដ្ឋបាលព្រៃឈើកំពត និងសំណូមពររបស់ប្រជាពលរដ្ឋ លោកអភិបាលខេត្ត បានទទួលយកសំណូមពររបស់ប្រជាពលរដ្ឋដោយ៖
-រៀបចំក្រុមការងារចុះពិនិត្យទីតាំងជាក់ស្ដែង
-ស្នើសុំប្រជាពលរដ្ឋទាំងអស់ឈប់បន្តកាប់រានដីព្រៃខុសច្បាប់
-ប្រជាពលរដ្ឋទាំង ១៤គ្រួសារ អាចថែទាំនិងប្រមូលផលដំណាំរបស់ខ្លួនដែលមានស្រាប់បាន។
ចំពោះប្រជាពលរដ្ឋ ០១រូប ដែលតុលាការបានឃាត់ខ្លួនលោក អភិបាលខេត្ត បានស្នើទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លើកលែងការចោទប្រកាន់ដោយធ្វើកិច្ចសន្យាប្រគល់ដីជូនរដ្ឋវិញ។
ទាក់ទិនដំណោះស្រាយមានតម្លាភាពនេះ ធ្វើឲ្យប្រជាពលរដ្ឋខេត្តកំពត និងខេត្តកែប មានការកោតសរសើរចំពោះលោកជាវ តាយ ខុសពីលោក សោម ពិសិដ្ឋ អភិបាលខេត្តកែបដែលមិនមានឆន្ទ:រកដំណោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋក្រៅពីធ្វើឲ្យរាស្រ្តក្តៅក្រហាយនោះឡើយ។លើសពីនេះទៀតបើប្រៀបធៀបបុរសម្នាក់ដែលសាលាដំបូងខេត្តកំពតឃាត់ខ្លួនដាក់គុកក្នុងករណីកាប់ព្រៃជាសម្បត្តិរដ្ឋត្រូវបានលោកជាវ តាយ សន្យាថាលោកកំពុងស្នើសុំទៅព្រះរាជអាជ្ញាសុំធ្វើការដោះលែងបុរសនោះវិញ។ទង្វើមនុស្សធម៌នេះ វាហាក់ដូចជាផ្ទុយពីចិត្តសាស្រ្តរបស់លោក សោម ពិសិដ្ឋ ដោយកាលពីថ្មីៗនេះសមត្ថកិច្ចមេព្រៃប្រចាំខេត្តកែបរបស់លោកបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ ឆាំ ទិត្យ អាយុ៣៥ឆ្នាំ ជាជនក្រីក្រ រកស៊ីលក់កម្លាំងពលកម្មកាប់ព្រៃឲ្យគេគ្រាន់ដូរបាយប្រចាំថ្ងៃនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំក្រុងកែប ខេត្តកែប យកទៅដាក់គុក ហើយលោកសោម ពិសិដ្ឋធ្វើមិនដឹងមិនឮថែមទាំងជំរុញឲ្យទទួលទោសកាន់តែធ្ងន់ថែមទៀត៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *