បុគ្គលិកចំនួន២២៣នាក់ ត្រូវបានរដ្ឋបាលខេត្តសៀមរាប អនុញ្ញាតឱ្យដឹកជញ្ជូនអាហារនៅតំបន់ក្រហម

ចេញផ្សាយ:21.09.2021

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានអនុញ្ញាតឱ្យក្រុមអ្នកដឹកជញ្ជូនចំនួន២២៣នាក់ ធ្វើការដឹកជញ្ជូនអាហារនៅតំបន់ក្រហម ក្រោយពួកគេធ្វើតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ដើម្បីសម្របសម្រួលក្នុងការដឹកជញ្ជូនដោយឥតគិតថ្លៃដល់គេហដ្ឋានប្រជាពលរដ្ឋ ដោយការចំណាយជាបន្ទុករបស់រដ្ឋបាលខេត្ត។
មន្រ្តីរដ្ឋាបាលខេត្តសៀមរាបបានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែ កញ្ញាថា អ្នកដែលត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូនទាំង២២៣នាក់ គឺត្រូវបានធ្វើតេស្តរកមេរោគកូវីដ-១៩ ឃើញអវិជ្ជមានរួចហើយ។ ក្រុមការងារនេះមានឈ្មោះថា «តោះទៅលេងសៀមរាប» ដែលជាក្រុមដឹកជញ្ជូនគាំទ្រដោយរដ្ឋបាលខេត្ត ក្រុមហ៊ុនហ្វូតភេនដា ញុំា២៤ និងក្រុមហ៊ុនដឹកជញ្ជូនវីង។

រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា នឹងបន្តតេស្តលើអ្នកដឹកជញ្ជូនដែលនៅសេសសល់ និងមានផែនការធ្វើតេស្តតាមរយៈពេលកំណត់ណាមួយសម្រាប់អ្នកដឹកជញ្ជូន ឧទាហរណ៍ អាចតម្រូវឱ្យធ្វើតេស្ត ៧ថ្ងៃ ១០ថ្ងៃម្តង ឬ ១៥ថ្ងៃម្តងជាដើម អាស្រ័យលើបច្ចេកទេសឬការកំណត់របស់សុខាភិបាល។ដូច្នេះការរៀបចំនេះ គឺជាការសម្របសម្រួលដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមងាយស្រួលក្នុងការបញ្ជាទិញ និងការដឹកជញ្ជូនដល់គេហដ្ឋានផងដែរ ជៀសវាងបងប្អូនចេញពីលំនៅដ្ឋានដែលធ្វើឱ្យការឆ្លងកាន់តែរាលដាលទៅៗ។
ជាមួយនេះរដ្ឋបាលខេត្តក៏សូមការយោគយល់ពីប្រជាពលរដ្ឋផងដែរចំពោះការបិទខ្ទប់នេះ ហើយការបិទខ្ទប់នេះដើម្បីកាត់ផ្តាច់ខ្សែចម្លងចេញពីសហគមន៍យើងតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តសម្រេចកំណត់ជា «តំបន់ក្រហម» នៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ ភូមិតាវៀន សង្កាត់សាលាកំរើក និងភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ ក្រុងសៀមរាប ខេត្តសៀមរាប និង «តំបន់លឿងទុំ» នៅក្នុងភូមិសាស្ត្រសង្កាត់សាលាកំរើក សង្កាត់នគរធំ សង្កាត់សៀមរាប សង្កាត់ស្រង៉ែ សង្កាត់ទឹកវិល សង្កាត់ក្របីរៀល សង្កាត់ចុងឃ្លៀស និងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាលពីរសៀ នាថ្ងៃទី១៧ ខែកញ្ញាមកនេះ៕
អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *