





ភ្នំពេញ៖ បុរសម្នាក់ជាកម្មកររោងចក្រអង្គុយរង់ចាំរថយន្តដឹកទៅធ្វើការត្រូវក្រុមកម្មករក្រុមហ៊ុនសុិនទ្រីវាយបណ្ដាលឲ្យរងរបួសបែកមុខបែកមាត់ ខណៈដែលក្រុមទាំងនេះប៉ះពាក្យសម្ដីជាមួយសន្តិសុខផ្សារត្រពាំងថ្លឹងកំពុងអង្គុយផឹកស៊ីក្បែរចញ្ចើមផ្លូវ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣:១០នាទីយប់ថ្ងៃទី២១ខែកុម្ភះឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងក្នុងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញកម្មកររបស់ក្រុមហ៊ុនសុិនទ្រីដើរប្រមូលសំរាមតាមបណ្ដោយផ្លូវវេងស្រេង។លុះមកដល់ចំណុចកើតហេតុក៏ប៉ះពាក្យសម្ដីជាមួយសន្តិសុខផ្សារត្រពាំងថ្លឹងដែលអង្គុយកំពុងផឹកសុីក្បែរចញ្ចើមផ្លូវ រហូតដល់មានការវាយតប់គ្នាមួយប្រាវ ខណៈដែលកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌកំពុងល្បាតឃើញឃាត់ទើបឈប់។មួយសន្ទុះក្រោយមកក្រុមកម្មកររបស់ក្រុមហ៊ុនសុិនទ្រីបាននាំគ្នាមួយរថយន្តទៀតឃើញជនរងគ្រោះដែលអង្គុយរង់ចាំរថយន្តរោងចក្រដឹកទៅធ្វើការស្រាប់តែ(ក្រុមកម្មកររបស់ក្រុមហ៊ុនសុិនទ្រី) ស្មានតែបក្ខពួកសន្តិសុខផ្សារត្រពាំងថ្លឹងនាំគ្នាវាយមួយដៃមួយជើងបណ្ដាលឲ្យរងរបួសបែកមុខបែកមាត់គាប់ជួននឹងកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌកំពុងល្បាតនៅក្បែរនោះបាញ់៥-៦គ្រាប់ទើបឈប់ព្រមទាំងឃាត់ខ្លួនក្រុមជនបង្កចំនួន១២នាក់មកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។
ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។ចំណែកឯជនបង្កកំពុងសាកសួរនិងឃាត់ខ្លួនជាបណ្ដោះអាសន្នព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ សារ៉េត