គោអ្នកភូមងាប់ជាបន្តបន្ទាប់គេសង្ស័យ “តាអាង”ដែលល្បីរំលោភយកអាងទឹករបស់រដ្ឋធ្វើស្រែទ្រង់ទ្រាយធំ ដាក់ថ្នាំសម្លាប់

ចេញផ្សាយ÷13.10.2021

ខេត្តកំពង់ធំ ÷ សត្វគោអ្នកស្រុកបានងាប់ច្រើនក្បាលជាបន្តបន្ទាប់នៅពេលដើរស៊ីស្មៅតាមវាលស្រែ ដែលការងាប់នេះមិនត្រូវបានគេដឹងដោយសារមូលហេតុអ្វីនោះទេ ខណ:ដែលដំបូងឡើយគេសង្ស័យថាកើតជំងឺឆ្លងពីមួយទៅមួយប៉ុណ្ណោះ។ ប៉ុន្តែបើតាមការស្រាវជ្រាវរបស់អ្នកជំនាញ និងអ្នកភូមិ នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ គេកំពុងដាក់ការសង្ស័យទៅលើបុគ្គលម្នាក់ឈ្មោះ (តាអាង) ជាឈ្មួញរកស៊ីធ្វើស្រែលក្ខណៈទ្រង់ទ្រាយធំរស់នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាអ្នកដាក់ថ្នាំបំពុលលើស្មៅឲ្យគោស៊ី។
តាមប្រភពបឋម បានឲ្យដឹងថាតាអាង បានរំលោភយកអាងទឹករបស់រដ្ឋធ្វើស្រែហើយ មានចេតនាទុច្ចរិតដាក់ថ្នាំបំពុលសម្លាប់គោអ្នកស្រុកជាច្រើននៅតាមវាលស្រែ មាត់បឹង ព្រោះតែខ្លាចគោទាំងនោះស៊ីស្រូវរបស់គាត់។
បើជាករណីបែបនេះមែន ទង្វើរបស់តាអាង ហាក់ដូចជាស្វាគមន៍ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលទើបមកកាន់ដំណែងគួរមានវិធានការក្តៅតាមផ្លូវច្បាប់ដែរឬយ៉ាងណា ?
អ្នកភូមិនិយាយថា, (តាអាង) ជាឈ្មួញរកស៊ីធ្វើស្រែលក្ខណៈទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ គាត់ហាក់បំពានច្បាប់ធ្ងន់ធ្ងរ ។
ទាក់ទិនបញ្ហានេះ ភ្នាក់ងារសារព័ត៌មាន ជីវិតនិងកីឡា មិនអាចសុំការបញ្ជាក់ពីអាជ្ញាធរដែនដី និងជាពិសេសបុគ្គល តាអាង ដែលរងការចោទប្រកាន់ដូចខាងលើបានទេ ដោយគ្មានលេខទូរស័ព្ទ។
ដោយឡែក លោក សុិន វីរ: ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំវិញ បានឲ្យអ្នកកាសែតក្នុងស្រុកមួយដឹងនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះថា លោកបានដឹងករណីនេះហើយ។លោកកំពុងមានចំណាត់ការដើម្បីរកភស្តុតាងកសាងសំណុំរឿងចាត់ការតាមច្បាប់។
ចំណែកម្ចាស់គោរងគ្រោះ កំពុងទទូចសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច និងក្រុមអ្នកច្បាប់មេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ផង ព្រោះពួកគាត់ពឹងផ្អែកលើសត្វពាហន:នេះហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *