បង្កហិង្សាចាក់មនុស្សឲ្យរបួស នៅខេត្តព្រះសីហនុ សមត្ថកិច្ចតាមចាប់ខ្លួនបាននៅខេត្តសៀមរាប

ចេញផ្សាយ÷17.10.2021

ខេត្តសៀមរាប ៖កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ថង សម្បត្តិ ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ រត់ឡំប្រឺតាមានទីលំនៅ ភូមិរំដួលជើងភ្នំ សង្កាត់ព្រះសីហនុ ក្រុង/ខេត្តព្រះសីហនុ បន្ទាប់ពីប្រើអំពើហិង្សាដោយបានយកកូនកាំបិតចិតផ្លែឈើចាក់ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៤:០០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខកាស៊ីណូស៊ីហ៊ួ ក្រុមទី ០២ ភូមិលេខ ០១ សង្កាត់លេខ ០៣ ក្រុង/ខេត្តព្រះសីហនុ រួចគេចខ្លួនទៅខេត្តសៀមរាប។
ជនរងគ្រោះមានឈ្មោះ CHEN JIALI ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងការងារព្រហ្មទណ្ឌបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើប្រព្រឹត្តទៅនៅចំណុចជិតបេនឡានបូរីសៀងណាំ ស្ថិតនៅភូមិខ្នា សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។
ជនសង្ស័យបានសារភាពថា មូលហេតុមានហិង្សាដោយសារនៅយប់កើតហេតុជនរងគ្រោះជាជនជាតិចិនខាងលើបានជួលផាសអាប់របស់ខ្លួនជិះតែមិនប្រាប់ថាឲ្យដឹកទៅទីណាទេ។ លុះបើកបានបន្តិចស្រាប់តែជនជាតិចិនរូបនោះបានស្ទុះមកទះកំភ្លៀង និងវាយក្បាលខ្លួនជាច្រើនដៃ ដោយខឹងខ្លាំងពេក ខ្លួនក៏ដកយកកូនកាំបិតចិតបន្លែ ចុងស្រួង ដងជ័រពណ៌លឿង ចាក់ទៅលើជនរងគ្រោះ ១កាំបិត ចំពោះ ហើយរត់គេខ្លួនទៅខេត្តកំពង់ឆ្នាំង ។រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២២:០០នាទី ក៏បានគេចខ្លួនបន្ដមកស្នាក់នៅស្រុកកំណើត ភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។ លុះដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៣រសៀលខ្លួនបានមកទទួលប្រពន្ធដែលធ្វើដំណើរមកពីខេត្តព្រះសីហនុ នៅចំណុចជិតចំណតឡាន ក្នុងបូរីសៀងណាំ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ៕
សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *