អ្នកទោស២នាក់ទៀតដែលហែកគុកនៅស្ទឹងត្រែង ត្រូវបានចាប់ខ្លួនបានមកវិញ

ចេញផ្សាយ÷10.11.2021

ខេត្តស្ទឹងត្រែង៖ ប្រភពពីខេត្តស្ទឹងត្រែងបានឲ្យដឹងថា អ្នកទោសចំនួន ២នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះ ការតាមចាប់ខ្លួនបានអ្នកទោសមកវិញមានចំនួន ៣នាក់ហេីយ ក្នុងចំណោម ៧នាក់ ។ ចំណែកអ្នកទោស៤នាក់ផ្សេងទៀត កំពុងបន្ដស្រាវជ្រាវតាមចាប់យកមកវិញ។

អ្នកទោសដែលត្រូវចាប់ខ្លួនបានមកវិញឈ្មោះ វ៉ាន់ ភូ ជាប់ទោស២០ឆ្នាំពីបទ ជួញដូរគ្រឿងញៀន និងត្រូវបានចាប់ខ្លួនបានមកវិញ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែវិច្ឆិកា នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងឈ្មោះ កិត ងិន ជាប់ទោស ៤ឆ្នាំពីបទ ជួញដូរគ្រឿងញៀន។ ដោយឡែក អ្នកទោសម្នាក់ដែលចាប់ខ្លួនបាននៅវេលាម៉ោង៨:៣០នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឈ្មោះ ទូច វ៉ាត់ ជាប់ទោសចំនួន ៣០ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ចាប់ខ្លួនបាននៅចំណុចភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា អ្នកទោសនៅក្នុងពន្ធនាគារ ខេត្តស្ទឹងត្រែងចំនួន ៧នាក់ បានហែកគុករត់គេចខ្លួន នៅវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ គិតមកដល់រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ មានអ្នកទោស៣នាក់ហើយ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបានមកវិញ ខណៈចំនួន ៤នាក់ទៀត សមត្ថកិច្ចបន្ដចាប់ខ្លួននៅឡើយ៕
សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *