ចេញផ្សាយ÷05.04.2022
ខេត្តកំពង់ស្ពឺ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឱ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ១១និង ៥០ នាទីយប់ថ្ងៃទី ៤ ខែមេសាឆ្នាំ ២០២២ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៨៨-៨៩ ត្រង់ចំណុចភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកភ្នំស្រួចបានឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកហុងដា ភូសាល ពណ៌ក្រហម ពាក់ស្លាកលេខ1GP-0715 បើកបរដោយឈ្មោះ ខួច ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅខេត្តបាត់ដំបង បើកបរពីទិសខាងកើតទៅទិសខាងលិច ។លុះមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្ត០១គ្រឿង (មិនស្គាល់ម៉ាក) បានបើកមកកៀរម៉ូតូនេះបណ្តាលឲ្យដួលនិងបានកិនឈ្មោះ ខួច ស្លាប់នៅកន្លែងកើតហេតុយ៉ាងរន្ធត់តែម្ដង។ ចំណែករថយន្ត ក្រោយដឹងថាបង្កគ្រោះថ្នាក់ដល់មនុស្សបណ្ដាលឲ្យស្លាប់ហើយនោះក៏បើកគេចខ្លួនបាត់ទៅ។
ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែង និងដឹកយកសពមកតម្កល់ទុកនៅវត្តត្រែងត្រយឹង រង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង ដើម្បីស្រាវជ្រាវរករថយន្តបង្ក និងកសាងសំណុំរឿងតាមនីតិវិធី ៕
អូន ធួក