បង្រ្កាបទីតាំងទទួលផលចោរកម្មពីរកន្លែងរឹបអូសម៉ូតូ 26 គ្រឿងបញ្ជូនទៅតុលាការ

ចេញផ្សាយ÷29.04.2022

ខេត្តបាត់ដំបង÷ នៅព្រឹកថ្ងៃទី 29 ខែមេសាឆ្នាំ 2022 នេះកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានកសាងសំណុំរឿងចោរកម្មមួយករណីដើម្បីបញ្ជូនទៅតុលាការ។
មន្រ្តីនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា ការកសាងសំណុំរឿងចោរកម្មទៅកាន់តុលាការនេះបានធ្វើឡើងបន្ទាប់ពីលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានបានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងចុះប្រតិបត្តិការលើករណី ទទួលផលចោរកម្មលើទីតាំង០២គោលដៅផ្សេងគ្នាក្នុងក្រុងបាត់ដំបង កាលពីកាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២២
នភគោលដៅទី០១ ស្ថិតនៅចំណុចបន្ទប់ជួលក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
មន្ត្រីនគរបាលដដែលបានឲ្យដឹងទៀតថា នៅគោលដៅទីមួយនេះកម្លាំងបានធ្វើការនាំខ្លួនឈ្មោះ ហ៊ួរ សុងតុង ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរទាក់ ទងនឹងករណីទទួល ផលចោរកម្ម។
រីឯគោលដៅទី០២ ស្ថិតនៅភូមិអូរខ្ជាយ សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបាននាំខ្លួនឈ្មោះ សៀង រី ហៅ វី ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិប៉ាហ៊ីខាង ជើង សង្កាត់ប៉ាហ៊ី ក្រុងប៉ៃលិន មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរស្រាវជ្រាវផងដែរ។
ប្រភពដដែលបានឲ្យដឹងថា ៖ ក្រោយពីធ្វើការស្រាវជ្រាវ សមត្ថកិច្ចសន្និដ្ឋានថាទីតាំងខាងលើនេះបានរកស៊ីខុសច្បាប់ដោយទទួលផលចោរកម្មក៏បានធ្វើការដកហូតម៉ូតូចម្រុះសរុបចំនួន ២៦ គ្រឿង ដោយនាំយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត។ ក្នុងចំណោម នោះ មានម៉ូតូមួយចំនួនជាប់ទាក់ទិនក្នុងករណីល្មើសច្បាប់ រួចក៏កសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ជាមួយនេះសមត្ថកិច្ចនគរបាលក៏សូមជូនព័ត៌មានផងដែរក្នុងករណី ដែលមានជនរងគ្រោះស្គាល់ច្បាស់ថា  ម៉ូតូរបស់ខ្លួនស្ថិតក្នុងចំណោមម៉ូតូដែលបានដកហូតមក នេះ  ឬមានមូលហេតុផ្សេងៗទាក់ទងនឹងករណីខាងលេីសូមធ្វេីការទំនាក់ទំនងមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដោយផ្ទាល់ឬទំនាក់ទំនងតា មរយៈលេខទូរស័ព្ទនាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន៖
-092 935 544 ដើម្បីរួមសហការបង្រ្កាបជាបន្តទៀត៕
ដោយ÷ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *