ចេញផ្សាយ÷08.05.2022
ខេត្តបន្ទាយមានជ័យ÷បុរសម្នាក់ត្រូវមន្ត្រីនគរបាលពាក់ស័ក្តិ៤កន្លះម្នាក់បាញ់រងរបួសធ្ងន់ បន្ទាប់ពីក្របីរបស់គាត់ចូលទៅស៊ីស្មៅក្នុងដីរបស់មន្រ្តីនគរបាលរូបនោះ ហើយក្រោយបាញ់រួចបានរត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង០១និង៣៥នាទីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចដីចាក់មួយកន្លែង ស្ថិតនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។នេះបើតាមកការឲ្យដឹងពីនគរបាលស្រុអូរជ្រៅ ។
មន្រ្តីនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ជនបង្កឈ្មោះរ៉ា ទឹមច័ន្ទពិសី អាយុ៤២ឆ្នាំភេទប្រុស មានឋានន្តរស័ក្តិវរសេនីយ៍ទោ ជានាយរងការិយាល័យកិច្ចការផ្ទៃក្នុង ក្រសួងមហាផ្ទៃមកស្នាក់នៅបណ្តោះអាសន្ន នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។ចំណែកជនរងគ្រោះឈ្មោះ ឃាង វណ្ណា អាយុ៥៥ឆ្នាំ ភេទប្រុសនៅភូមិថ្នលបត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាអ្នកស៊ីឈ្នួលមើលសត្វក្របីឲ្យគេប្រហែលជាង១០០ក្បាល ។
មន្រ្តីនគរបាលដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ក្របីដែលជនរងគ្រោះឃ្វាលនោះបានចូលទៅស៊ីស្មៅក្នុងដីរបស់ជនបង្ក។ ពេលនោះជនបង្កជាម្ចាស់ដីបានប្រាប់ឲ្យជនរងគ្រោះដេញក្របីចេញពីក្នុងដីរបស់ខ្លួនកុំឲ្យស៊ីស្មៅព្រោះស្មៅនោះទុកឲ្យសត្វពពែរបស់គេស៊ី។បន្ទាប់មក ជនរងគ្រោះក៏បានទៅដេញក្របីឲ្យចេញ រួចក៏អង្គុយលេងជាមួយទាហាននៅក្បែរកន្លែងនោះ ។ក្រោយមកមិនដឹងជាយ៉ាងមេ៉ចជនបង្ក ក៏បានទាញកាំភ្លើងម៉ាកវាំងឌឺឡុង(ជាប្រភេទកាំភ្លើងបាញ់សត្វ)បាញ់ទៅលើជនរងគ្រោះចំនួន១គ្រាប់ ត្រូវចំកំភួនជើងខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យរត់គេចខ្លួនបាត់។ ឯជនរងគ្រោះត្រូវគេយកទៅព្យាបាលនៅមណ្ឌលសុខភាពអូរបីជាន់ ។ករណីនេះ ជនបង្កត្រូវកម្លាំងនគរបាលស្រុកអូរជ្រៅកំពុងតាមប្រមាញ់ចាប់ខ្លួនយកទៅផ្តន្ទាទោសតាមនិតិវិធីច្បាប់៕
ដោយ÷សំបូរ