ចាប់បានឃាតករកាប់សម្លាប់អ្នកទិញ​អេ​ត​ចាយ​ដោយសារភ្លើងប្រចណ្ឌកសាងសំណុំរឿងបញ្ជូនទៅតុលាការ

ចេញផ្សាយ÷12.05.2022

ខេត្តព្រះវិហារ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ រួមជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកត្បែងមានជ័យ កងរាជអាវុធហត្ថក្រុងព្រះវិហារ និង កងរាជអាវុធហត្ថកងអនុសេនាធំចល័ត ដឹកនាំដោយលោក វរសេនីយ៍ទោ ជួរ ប៊ុនសុង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានចុះស្រាវជ្រាវករណីឃាតកម្មមួយករណី ខណៈអំពើឃាតកម្មកើតឡើងកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១២:០០នាទី នៅចំណុចភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ អ្វីដែលគួរឲ្យមោទនភាពនិងគួរឲ្យកោតសរសើរនោះគឺការស្រាវជ្រាវនេះទទួលបានលទ្ធផលល្អដោយកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថឈានដល់ចាប់បានឃាតករដៃដល់នៅវេលាម៉ោង ១ និង៣៧នាទី រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចវាលស្រែជើងភ្នំត្បែង ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
មន្ត្រីរាជអាវុធហត្ថខេត្តព្រះវិហារបានឲ្យដឹងថា ជនសង្ស័យជាឃាតក ឈ្មោះ មុំ ថា ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ បានយកកាំបិតខ្វែវកាប់ទៅលើឈ្មោះ ទុយ ទឺ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរទិញអេតចាយ មានទីលំនៅភូមិស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយភ្លើងប្រច័ណ្ឌ។ ជនសង្ស័យបានកាប់ជនរងគ្រោះចំនួន៥កាំបិត បណ្តាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែង ហើយក្រោយពេលធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់។
ក្នុងករណីឃាត់ខ្លួនជនសង្ស័យនេះដែរ សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន៖ កាំបិតខ្វែវ ចំនួន១ ប្រវែង៦៥ស.ម ។
បច្ចុប្បន្ន ឃាតកររូបនេះ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះវិហារកសាងសំណុំរឿង ដើម្បីបញ្ជូនទៅទៅសាលាដំបូងខេត្តព្រះវិហារអនុវត្តតាមនីតិវិធី ៕
ដោយ÷សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *