ជិះម៉ូតូលឿនធ្លាក់ផ្លូវបុកដើមឈើស្លាប់២នាក់របួសធ្ងន់ម្នាក់

ចេញផ្សាយ÷18.05.2022

ខេត្តកំពង់ស្ពឺ៖ គួរឱ្យរន្ធត់ណាស់ដែលមានមនុស្ស២នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ដោយសារជិះម៉ូតូឌុបគ្នាធ្លាក់ផ្លូវហើយបុកដើមឈើ។
ឧបទ្ទវហេតុនេះកើតឡើងនៅរសៀលថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ តាមបណ្តោយផ្លូវក្រាលកៅស៊ូលេខ៤៦  ត្រង់ចំណុចភូមិថ្មី ឃុំ ចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកភ្នំស្រួចបានឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាក ហុង ដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2016 ពាក់ស្លាកលេខកំពង់ស្ពឺ1D-9311 ជិះគ្នាបីនាក់ បើកបរដោយឈ្មោះ ខន សុវិបុល  ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិរលាំងសង្កែរ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានអ្នកជិះពីក្រោយពីរនាក់ ទី១- ឈ្មោះ ផន  លីសីហា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ សៀវ សុខជា ភេទប្រុស អាយុ15ឆ្នាំ រស់នៅភូមិរលាំងសង្កែ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ម៉ូតូនេះធ្វើដំណើរពីទិសខាងកើតទៅលិច បើកបរក្នុងល្បឿលឿន។លុះ មកដល់ចំណុចខាងលើ  បានជ្រុលចង្កូតធ្លាក់ផ្លូវម្ខាងទៅបុកដើមឈើ  បណ្តាលឲ្យឈ្មោះ ខន សុខវិបុល និង ឈ្មោះ ផន លីសីហា ស្លាប់ នៅពេលដឹកមកដល់មន្ទីរពេទ្យផ្សារតាឡាត់ និងឈ្មោះ សៀវ សុខជា រងរបួសធ្ងន់ ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកភ្នំស្រួចបានចុះទៅវាស់វែងរួចដឹកអ្នករបួសទៅមន្ទីរពេទ្យ។ ឯសាកសពទាំងពីរនាក់បានប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ជាមួយនេះក៏បានប្រគល់ម៉ូតូជូនក្រុមគ្រួសារសពវិញផងដែរ៕
ដោយ÷សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *