ចេញផ្សាយ÷27.06.2022
ខេត្តបាត់ដំបង÷ជនដៃដល់ម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ដែលរួមគ្នាសម្លាប់ជនរងគ្រោះម្នាក់នៅក្នុងវង់ផឹកស៊ី ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះក្រឡចាប់ខ្លួនបាន ឯបក្ខពួកពីរទៀតរត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨ និង១៥នាទីយប់ ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២២ នៅចំណុចភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
មន្រ្តីនគរបាលព្រហ្មទណ្ឌ ស្រុកគាស់ក្រឡ បានឱ្យដឹងថាមុនពេលកើតហេតុ ជនរងគ្រោះនិងក្រុមជនដៃដល់បាននាំគ្នាទិញស្រាមកផឹក ។ ក្រោយផឹកស្រាបានមួយស្របក់ ធ្វើឲ្យម្នាក់ៗស្រវឹងស្រឿងៗផងនោះ ក៏បង្កើតជាទំនាស់ជាមួយគ្នាពីរឿងលុយជំពាក់ថ្លៃលេងបាល់ទះមិនព្រមសង។ ក្នុងករណីនេះបានធ្វើឲ្យក្រុមជនដៃដល់ទាំងបីនាក់ព្រួតវាយជនរងគ្រោះដោយកៅអីជ័រជាច្រើនកៅអីបណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពឃុំធិបតីបានតែបន្តិច។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថាក្រោយបង្កហេតុរួចជនដៃដល់បានរត់គេចខ្លួនបាត់តែក្នុងនោះសមត្ថកិច្ចមូលដ្ឋានបានស្រាវជ្រាវតាមចាប់ជនដៃដល់បានម្នាក់ឈ្មោះ វែង វី ភេទប្រុសអាយុ ២៤ ឆ្នាំរស់នៅភូមិកន្ទួតឃុំធិបតីស្រុកគាស់ក្រឡខេត្តបាត់ដំបង។ រីឯសពជនរងគ្រោះឈ្មោះ ណែម ប៊ុនរឹទ្ធភេទប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យឃើញបែកក្បាលនិងរបួសត្រង់កហើយត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នសមត្ថកិច្ចជំនាញនគរបាល ស្រុកគាស់ក្រឡ បានកសាងសំណុំរឿងជនដៃដល់រូបនេះបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមច្បាប់។ ចំណែកបក្ខពួក ២នាក់ទៀតដែលកំពុងរត់គេចខ្លួននោះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕
ដោយ÷ សំបូរ