លោកវរសេនីយ៍ទោ ជុំ កុយ អធិការរងទទួលផែនសណ្តាប់ធ្នាប់ និងចរាចរ ខណ្ឌបឹងកេងកងផ្អែកលើច្បាប់អ្វីពិន័យអ្នកកាន់ទូរសព្ទមិនបានប្រើប្រាស់ដល់ទៅប្រាំបីម៉ឺនរៀល?

ចេញផ្សាយ÷28.10.2022

ភ្នំពេញ ៖រឿងការរិះគន់ពីមហាជនលើមន្រ្តីប៉ូលិសចរាចរចេះតែកើតមានជាបន្តបន្ទាប់ បន្ទាប់ពីបានពិនិត្យឃើញថាការពិន័យយកប្រាក់ពីប្រជាពលរដ្ឋមិនតម្លាភាពនិងស្របទៅតាមច្បាប់នោះ។
ថ្មីៗនេះទៀតមានករណីប៉ូលិសខណ្ឌបឹងកេងកង ដែលដឹកនាំដោយលោកវរសេនីយ៍ទោ ជុំ កុយ អធិការរងទទួលផែនសណ្តាប់ធ្នាប់ និងចរាចរ ដែលជាប្រធានក្រុមដឹកនាំចុះអនុវត្តច្បាប់ចរាចរផ្លូវគោកនៅគោលដៅផ្លូវ លេខ៣៦០កែង១០៥ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកងបានឃាត់អ្នកដំណើរម្នាក់ ដោយគ្រាន់តែគាត់ជិះម៉ូតូកាន់ទូរស័ព្ទសោះ។ នៅក្នុងវីដេអូ ប្រជាពលរដ្ឋដែលត្រូវបានឃាត់ បានសួរទៅប៉ូលិសទាំងនោះថា គ្រាន់តែកាន់ទូរស័ព្ទ អត់ប្រើប្រាស់ អត់និយាយផងហ្នឹង ក៏ខុសដែរ តើមានច្បាប់ចែងមកពីណាលោក?។
សំណួរនេះមិនត្រូវបាន លោកវរសេនីយ៍ទោ ជុំ កុយ អធិការរងទទួលផែនសណ្តាប់ធ្នាប់ និងចរាចរ ពន្យល់ឬបកស្រាយឲ្យអស់ចម្ងល់ទេ ដោយនៅតែប្រកែកយកឈ្នះ ហើយលើកយកចំណុចល្មើសប្រាស់ប្រាស់ទូរស័ព្ទ (ដែលជាករណីត្រូវអប់រំប្រជាពលរដ្ឋ) ដោយទាមទារផាកពិន័យចំនួន ៨ ម៉ឺនរៀល។

ទង្វើនេះមហាជនគិតថា ប៉ូលិសអត់ខ្វល់ពីច្បាប់ទេ ដោយនិយាយសុទ្ធតែយកលេសថា បញ្ហានេះគឺត្រូវតែបកស្រាយជាមួយថ្នាក់លើ ហើយថែមទាំងគំរាមថា នឹងយកម៉ូតូទៅខណ្ឌទៀតផង។ យ៉ាងណា គេក៏មិនដឹងថា ប្រជាពលរដ្ឋរូបនោះ យល់ព្រមបង់លុយឲ្យពួកគេចែកគ្នាចាយ ឬយ៉ាងណានោះទេ។

គួរបញ្ជាក់កន្លងមក បទល្មើសចរាចរណ៍ សម្រាប់ម៉ូតូដូចក្នុងករណី (បើកបរមិនគោរពភ្លើងសញ្ញា និងផ្លាកសញ្ញា, ល្មើសការបត់ និងវ៉ាជែង, ការប្រើប្រាស់ទូរស័ព្ទ, ដឹកលើសចំណុះ) ទាំងអស់នេះ បើយោងតាមច្បាប់ដែលបានចែងថ្មី នោះមន្រ្តីចរាចរ គឺត្រូវធ្វើការអប់រំ ដោយមិនធ្វើការផាកពិន័យនោះឡើយ។

បើតាមមន្រ្តីនគរបាលជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងតាមប្រព័ន្ធតេលេក្រាម ករណីប្រើប្រាស់ទូរស័ព្ទត្រូវតែពិន័យ តែបើករណីដែលកាន់ទូរស័ព្ទមិនបានប្រើប្រាស់ទេគឺមិនត្រូវពិន័យទេ ត្រូវតែតវ៉ា។

បើយោងតាមអនុក្រឹត្រការកែសម្រួលអនុក្រឹត្រលេខ៤៤ អនក្របក ចុះថ្ងៃទី២១ មីនា ឆ្នាំ២០១៧ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរផ្លូវគោក ត្រង់ចំណុចជំពូក៣ មាត្រា៦ថ្មីមិនមានចែងថា អ្នកកាន់ទូរស័ព្ទត្រូវផាកពិន័យ ៨ម៉ឺនរៀលនោះទេ។ ចំពោះការផាកពិន័យទៅលើប្រជាពលរដ្ឋដែលកាន់ទូរស័ព្ទ ដល់ទៅ៨ម៉ឺនរៀលនេះគឺជាច្បាប់របស់លោក វរសេនីយ៍ទោ ជុំ កុយ អធិការរងទទួលផែនសណ្តាប់ធ្នាប់ និងចរាចរ ដែលជាប្រធានក្រុមដឹកនាំចុះអនុវត្តន៍ច្បាប់ចរាចរ ជាអ្នកបង្កើតខ្លួនឯងដើម្បីផាកពិន័យ និងដាក់បន្ទុកលើប្រជាពលរដ្ឋតែប៉ុណ្ណោះ។ ដូច្នេះថ្នាក់លើគួរតែពិនិត្យពិចារណា។ចំពោះទង្វើលោកវរទោ ជុំ កុយ នេះផង តើគាត់អាងលើច្បាប់មួយណា? មាត្រាប៉ុន្មានដែលផាកពិន័យអ្នកកាន់ទូរស័ព្ទមិនបានប្រើប្រាស់ដល់ទៅប្រាំបីម៉ឺនរៀលយ៉ាងដូច្នេះ។? ៕
អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *