គ្រូពេទ្យគ្មានជំនាញកាត់ពោះវៀនច្រឡំថាទងសុកត្រូវក្រសួងសុខាភិបាលបិទគ្លីនិកនោះហើយ

ភ្នំពេញ÷ អ្នកជំងឺឈ្មោះ សឿន ស្រីអូន ភេទស្រី អាយុ ២២ ឆ្នាំ អាសយដ្ឋាន ភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅ គ្លីនិកដើមអង្គ្រង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យ កូនស្លាប់ក្នុងស្បូន អាយុ ១៨ សប្តាហ៍។
នៅពេលនោះក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពី គ្លីនិកដើមអង្គ្រង នៅថ្ងៃទី១១  ខែវិច្ឆិកា ឆ្នាំ២០២២។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម។ គ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ។ ដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅទីក្រុងភ្នំពេញ។

លោក ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បញ្ជាក់ប្រាប់ “កម្ពុជាថ្មី” នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២​នេះថា ទាក់ទងព័ត៌មានករណីនេះ ក្រុមការងារបានសួរ និងទទួលពីខាងគ្លីនិកដើមអង្ក្រង។ ចំណែកករណីថា កាត់ពោះវៀន ឬមិនកាត់នោះ គឺក្រុមការងារនៅស្រាវជ្រាវបន្តទៀត ដោយខាងគ្លីនិក បានឱ្យដឹងថា បានបញ្ជូនស្រ្តីអ្នកជំងឺទៅព្យាបាលបន្តនៅភ្នំពេញ នៅពេទ្យជប៉ុន ពេទ្យធំ ពេទ្យកាល់ម៉ែត។
យ៉ាងណាក្រសួងសុខាភិបាលបានសម្រេចបិទការធ្វើអាជីវកម្មរបស់គ្លីនិកខាងលើនេះហើយ៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *