មិនមែនជាករណីចាប់ក្មេងស្រីលក់ក្រឡានដាក់ឡានទេ តាមពិតជារឿងស្នេហាសោះ

ចេញផ្សាយ÷22.05.2023

ខេត្តបន្ទាយមានជ័យៈ ប៉ុន្មានថ្ងៃមកនេះនៅក្នុងបណ្ដាញសង្គមfacebook មានប្រជាពលរដ្ឋនិងអ្នកនិយមលេងបណ្តាញសង្គមfacebook ជាច្រើនបានបង្ហោះព័ត៌មានមួយចំនួនគួរឲ្យភ្ញាក់ផ្អើលថា មានករណីបាត់កូនៗ និងករណីក្រុមមនុស្សជិះឡានឬម៉ូតូដើរចាប់ក្មេងៗដើម្បីយកសិរីរាង្គ។
ចំណែកនៅខេត្តបន្ទាយមានជ័យឯណោះវិញ ក៏មានគណនីហ្វេសប៊ុកមួយមានឈ្មោះ Maly kubota  កាលពីថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៣ បានបង្ហោះសារថា “មានមនុស្សប្រុសមួយក្រុមជិះឡានម៉ាកឡិចស៊ីសនិងហាយឡេនឌ័រពណ៌ទឹកប្រាក់ បានចាប់ក្មួយស្រីរបស់ខ្ញុំឡើងឡានកំពុងតែអង្គុយលក់ក្រឡាន នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅប្រហែលទៅផ្លូវប៉ោយប៉ែត ។ សូមបងៗប៉ូលិសជួយចាប់និងធ្វើអន្តរាគមន៍ផង។
ព័ត៌មាននេះត្រូវបាន អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យធ្វើការស្រាវជ្រាវនិងចាត់វិធានការណ៍ភ្លាមៗ ដោយ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបញ្ជាក់ថាកម្លាំងនគរបាលរបស់លោកបានចុះស្រាវជ្រាវនិងចុះដល់លំនៅឋាន ហើយយោងការបំភ្លឺរបស់ឈ្មោះ ឆប គឹមឡាង ដែលត្រូវជាម្ដាយកូនស្រីដែលបាត់ខ្លួននោះ  បានអះអាងថា៖ ពុំមានករណីជនណាចាប់ជំរិតឬចាប់កូនស្រីគាត់យកសិរីរាង្គទេ គឺជារឿងស្នេហារបស់កូនៗគាត់ប៉ុណ្ណោះ សូមសាធារណជនកុំមានការយល់ច្រឡំ។សូមស្តាប់ការការបំភ្លឺម្តាយក្មេងស្រីដែលបាត់ខ្លួន។
ពាក់ព័ន្ធករណីព័ត៌មានបាត់ក្មេងជាបន្តបន្ទាប់តាមខេត្តមួយចំនួន សមត្ថកិច្ចក៏កំពុងស្រាវជ្រាវផងដែរនូវប្រភពព័ត៌មានដែលកំពុងចែកចាយទាំងនេះ ដើម្បីស្វែងរកការណ៍ពិតជូនបងប្អូនយើង ។
សមត្ថកិច្ចសូមលើកទឹកចិត្តសម្រាប់ការបង្ហាញព័ត៌មានពិត តែសម្រាប់អ្នកដែលបំពុលព័ត៌មាននេះ ក៏នឹងទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវ ប្រជាពលរដ្ឋ អ្នកលេងបណ្តាញសង្គមហ្វេសបុ៊ក ដែលមិនទាន់ដឹងការណ៍ពិតពុំទាន់មានមូលដ្ឋានច្បាស់លាស់ផ្សាយខុសគឺជាការបំភ្លៃសក្ខីកម្ម ឬ បង្ហោះសារមិនពិត និងមានការនិយាយខ្វះមូលដ្ឋានស្រាវជ្រាវច្បាស់លាស់ពិតប្រាកដ អាចពាក់ព័ន្ធទៅក្នុងផ្លូវច្បាប់ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម នៅក្នុងមូលដ្ឋានធ្វើឱ្យប៉ះពាល់ការប្រឹងប្រែងរបស់នគរបាល។
  អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ។ ចំពោះម្ចាស់ហ្វេសប៊ុកខាងលើ ដែលបង្ហោះព័ត៌មានខុសពីការណ៍ពិតត្រូវកែតម្រូវជាបន្ទាន់៕

Leave a Reply

Your email address will not be published. Required fields are marked *