ភ្នំពេញ៖បុរស២នាក់ជិះម៉ូតូឌុបគ្នាត្រូវរថយន្តក្រឡុកសុីម៉ង់ត៍បុកអូសជាង១០០ម៉ែតបណ្តាលអោយបុរសម្នាក់បានស្លាប់នឹងម្នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង ៩និង០០នាទីយប់ថ្ងៃទី ២ខែឆ្នាំ ២០១៦ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
សាកសពជនរងគ្រោះឈ្មោះ ហ៊ុច ២៦ឆ្នាំមុខរបរជាងសំណង់ស្នាក់នៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅភូមិកងតាណឹង ឃុំ កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ រីឯជនរងគ្រោះដែលរងរបួស ឈ្មោះ ស៊ូន រ៉ា ២៤ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅភូមិព្រៃសណ្តែកសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យមានភូមិកំណើតនៅ ភូមិត្មាតពងឃុំសំប៊ួរស្រុករមាសហែក ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរស២នាក់ខាងលើ ជិះម៉ូតូម៉ាកស្មាស់រីវ៉ូមួយគ្រឿងពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 1AD-4482 ធ្វើដំណើរចេញពីផ្លូវបេតុងការរដ្ឋានសំណង់ បុរី ធូ លន ក្នុងទិសដៅពីកើតទៅលិច ឡើងមកផ្លូវជាតិ៣ ខណៈមកដល់ពាក់កណ្តាលថ្នល់ ក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក មិនស្គាល់ស្លាកលេខ ប្រភេទក្រឡុកស៊ីម៉ង់ត៍ពណ៌សលាយក្រហមបើកតាមបណ្តោជាតិ៣ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន មើលមិនឃើញម៉ូតូឆ្លងផ្លូវ ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះទាំង២នាក់ពីក្រោយទាំងកំរោល និងអូសមនុស្ស ជាមួយម៉ូតូទៅតាមរថយន្តជាង១០០ម៉ែត្រ បណ្តាលអោយបុរសម្នាក់បានបាក់ កស្លាប់ភា្លមៗនៅនឹងកន្លែង ព្រមទាំងអ្នករួមដំណើរម្នាក់ទៀត រងរបួសជើងខាងឆ្វេងធ្ងន់ធ្ងរ ហើយត្រូវក្រុមសង្គ្រោះបន្ទាន់របស់អង្គភាព ៧១១ កងពល៧០ មកដឹកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈហៅមន្ទីរពេទ្យលោកសង្ឃ។
ក្រោយពេលកើតហេតុ គេឃើញនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍និងទំនាក់ទំនងនគរបាលជំនាញមកវាស់វែងធ្វើកំណត់ហេតុប្រគល់ សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។រីឯម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិសែនជ័យជាបណ្ដោះអាសន្ន៕សិរសា