ខេត្តសៀមរាប ៖ យុវជនម្នាក់ក្នុងចំណោម៣នាក់ បានជិះម៉ូតូបុករថយន្តដឹកស៊ីម៉ង់ត៍ពីក្រោយខ្ទាតចូលទៅក្រោមកង់ កិនអូសប្រហែលជាង២០០ម៉ែត្រ បណ្តាលឱ្យដាច់ខ្លួនជា២កំណាត់ (ជិះពីក្រោយគេបង្អស់) ចំណែក២នាក់ទៀតបានខ្ទាតចេញពីកង់រថយន្តរងរបួសធ្ងន់ និងស្រាល ។
គ្រោះថ្នាក់ចរាចរណ៍គួរឲ្យន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកុម្ភៈ នៅផ្លូវបំបែក(ផ្លូវក្រវាត់ក្រុង) ក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូជនរងគ្រោះបានជិះទៅបុករថយន្តដឹកស៊ីម៉ង់ត៍ពី ម៉ាកហុីណូ ពណ៌ខៀវ ចង្កូតស្តាំ ពាក់ផ្លាកលេខ ៣PRV ០០០៧ ពីក្រោយទាំងកំរោល ដែលសង្ស័យពួកគាត់ទាំង៣នាក់ទើបចេញពីផឹកស៊ីនៅកន្លែងណាមួយ ។
មន្ត្រីនគរបាលចរាចរណ៍ខេត្តប្រាប់ឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់មាន ១-ឈ្មោះ ឡាំ ចំរ៉ុង ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកបើកម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប ១IN ៤៨០១ របួសស្រាល ២-ឈ្មោះ ឡាំ ទុយ ភេទប្រុស អាយុ៣០ឆ្នាំ អង្គុយកណ្តាល របួសធ្ងន់ និង ៣-ឈ្មោះ ឡាំ លី ភេទប្រុស អាយុ២៨ឆ្នាំ អង្គុយក្រោយ ស្លាប់ដាច់ខ្លួនជាពីរ។ អ្នកទាំង៣នាក់ជាបងប្អូននឹងគ្នា មានទីលំនៅ ភូមិមមាញ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ។
ប្រភពព័ត៌មានបញ្ជាក់ថា ក្រោយពេលកើតហេតុ មន្ត្រីជំនាញបានចុះទៅដល់ព្រមទាំងឃាត់ខ្លួនអ្នកបើកបររថយន្តដឹកស៊ីម៉ង់ត៍ ឈ្មោះ ឡុង សីឡា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់៕ សម្បត្តិ