ភ្នំពេញ៖ ជនមិនស្គាល់មុខបាន ចូលគាស់ទ្វាកុដិព្រះចៅអធិការវត្តប្រយូវង្ស ខណ្ឌចំការមមនលួចយកលុយអស់ចំនួនជាង ៣០លានរៀល ពេលព្រះចៅអធិការវត្តមិនបានគង់នៅវត្ត ទើបមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧។
ព្រះតេជគុណ អ៊ុង សិទ្ធី ព្រះជន្ម ៤១ព្រះវស្សា ព្រះចៅអធិការវត្តប្រយូវង្សបានមានថិរដិកាប្រាប់សមត្ថកិច្ចថា មុនកើតហេតុ ព្រះអង្គមិនបានគង់នៅវត្តទេ ដោយនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ព្រះអង្គរវល់ទៅស្រុកកំណើត ធ្វើបុណ្យនិងមិនបានយកលុយជាបច្ចយ័ដែលបានសន្សំជាច្រើនឆ្នាំយកទៅជាមួយទេ។ លុះដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នាវេលាម៉ោង១០និង៣០នាទីព្រឹកពេលដែលព្រះអង្គនិមន្តមកដល់វត្តវិញបានចូលកុដិក្នុងវិហារហើយ បានយកសោកុដិដែលបានផ្ញើនិងព្រះសង្ឃមួយអង្គមកចាក់បើកទ្វារ។ពេលនោះព្រះអង្គ មិនបានចាប់អារម្មណ៍ថាបាត់លុយកាក់ដែរ ព្រោះបើពិនិត្យក្នុងកុដិមិនមានឃើញការរើកកាយអ្វីគួរឲ្យកត់សម្គាល់ដែរ។
ព្រះចៅអធិការមានថិរដិកាទៀតថាបច្ច័យសម្រាប់កសាងវត្តចំនួនជាង ៣០លានរៀល បានបាត់ពីខ្នើយ ទាំងអស់ ទើបបង្កភ្ញាក់ផ្អើលម៉ោង៦ល្ងាចទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបព្រះអង្គ រាយការណ៍ប្រាប់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ចុះមកត្រួតពិនិត្យ ដើម្បីស្វែងរកជនល្មើសចាត់ការតាមច្បាប់ ។
នគរបាលប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមន បានប្រាប់ថាសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីព្រះចៅអធិការវត្ត ប្រយូវង្ស តាមរយៈទូរស័ព្ទប៉ុណ្ណោះទើបព្រឹកឡើងថ្ងៃទី២៣ខែកុម្ភៈសមត្ថកិច្ចបានហៅជំនាញរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យ និងធ្វើកំណត់ហេតុដើម្បីស្រាវជ្រាវ៕ អូន ធួក

