ក្របួចក្រុមចោរប្លន់ និងឆក់ទូរស័ព្ទក្រើករាជធានី២នាក់ បញ្ជូនទៅតុលការ

0
172

ភ្នំពេញ៖ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ​បាន​បញ្ជូន​ជនសង្ស័យ​ ២នាក់ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​ឃាតកម្ម និង​ប្រើ​អាវុធ​បាញ់​ប្លន់​យក​ម៉ូតូ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់។

មន្រី្តកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ មាន​ករណី​ប៉ុនប៉ង​ឃាតកម្ម​ មួយ​កើតឡើង​ នៅ​ម្តុំ​សាលា​អា​ឡឺយ៉ង់ ស្ថិតក្នុង​សង្កាត់បឹងរាំងខណ្ឌដូនពេញ បង្កឡើង​ដោយ​ជនសង្ស័យ​ពីរ​នាក់ ជិះ​ម៉ូតូ១គ្រឿង​ម៉ាក​ហុងដា​សេ១២៥ បាន​ដក​កាំភ្លើង​ បាញ់​ចំនួន២គ្រាប់ ទៅលើ​ជនរងគ្រោះ ​ចំនួន៥នាក់ បណ្តាល​ឲ្យ​របួស​ម្នាក់ ​ចំ​គូថ​ចំហៀង​ខាងស្តាំ ​បៀម​គ្រាប់។ បន្ទាប់មក​ជនសង្ស័យ ​បាន​គេចខ្លួនបាត់ រីឯ​ជនរងគ្រោះ ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល ​នៅ​មន្ទីរពេទ្យភ្លាមៗ ។រហូតដល់​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះ​ជា​ពីរ​បួស ទើប​មក​ដាក់ពាក្យ​បណ្តឹង ​នៅ​សមត្ថកិច្ច​កងរាជអាវុធហត្ថរាជធានីហើយមកដល់​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបកម្លាំង​អាវុធហត្ថ​ ខណ្ឌចំការមន សហការ​ជាមួយ​កម្លាំង​ជំនាញ ​នៃ​ការិយាល័យ​បទល្មើស ​ព្រហ្មទណ្ឌ​អាវុធហត្ថ​ រាជធានី​ភ្នំពេញស្រាវជ្រាវដឹង បាន​ឃាត់ខ្លួន​ជនសង្ស័យ ​ទាំង២នាក់ នៅ​ម្តុំ​សួនច្បារ​វិមាន​ឯករាជ្យ ​មុខ​វត្ត​លង្កា សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។

ប្រភពដដែលបានឲ្យដឹងទៀតថា តាម​ការស្រាវជ្រាវ ​រប​ស់​សមត្ថកិច្ច​អាវុធហត្ថ​ រាជធានី​ភ្នំពេញ ក៏ដូចជា​ចម្លើយសារភាព​ របស់​ជ​ន​សង្ស័យ​ បាន​ឲ្យ​ដឹងថា ពួកគេ​ទាំងពីរ​នាក់​ មានឈ្មោះ នូ ឧ​ត្ត​ម ហៅ​ចូក អាយុ១៧ឆ្នាំ និង​ឈ្មោះ ម៉ែន វីរៈ ហៅ ពេជ្រ អាយុ២៤ឆ្នាំ គឺជា​បក្ខពួក​នឹង​គ្នា។ ​រយៈកាល​កន្លងមក​ ពួកគេ​ទាំងពីរ​នាក់​ធ្លាប់ធ្វើ​សកម្មភាព ​បាញ់​ប្លន់​យក​ម៉ូតូ និង​ឆក់​សម្ភារៈ តាម​ដងផ្លូវ​ ចំនួន៤លើក​រួចមកហើយ ដោយ​ប្រើប្រាស់​ម​ធ្យា​បាយ ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ១២៥ ពណ៌​មាស ស្លាក​លេខ ភ្នំពេញ 1GI-1470 និងប្រដាប់ដោយ​អាវុធខ្លី១ដើម ម៉ាក​កា៥៤ មួយដើមផង ។ ពេលធ្វើ​សកម្ម​ភាពម្តងៗ ឈ្មោះ ម៉ែន វីរៈ ហៅ ពេជ្រ ជា​អ្នក​ឌុប ហើយ​ឈ្មោះ នូ ឧ​ត្ត​ម ហៅ ចូក ជា​អ្នក​កាន់​អាវុធ អង្គុយ​ពីក្រោយ​ចាំ​បាញ់​ប្លន់ យក​ម៉ូតូ​ពី​ជនរងគ្រោះតែម្តង ។

ជនសង្ស័យទាំងពីរបានសារភាពថា សកម្មភាព​លើក​ទី១ កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្លន់​នៅ​ម្តុំ​សាលាអា​ឡឺ​យ៉ង់ ដោយ​បាញ់​ចំនួន២គ្រាប់ ត្រូវ​គូទ​ជនរងគ្រោះ១គ្រាប់ និង១គ្រាប់​ទៀត​មិន​ផ្ទុះ យកបាន​ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១១០( សង់​ប៊ិច) ។សកម្មភាព​លើក​ទី២ (មិន​ចាំ​ថ្ងៃខែ) ប្លន់​នៅ​ចំណុច ​ម្តុំ​ផ្លូវភ្លោះរ​អូរឫស្សី ដោយ​បាញ់​គំរាភ្ញ​ច់​ដី១គ្រាប់ យកបាន​ម៉ូតូ១គ្រឿង ម៉ាក​ហុងដាឃ្លី​ក​ពណ៌​ស ពី​ជនរងគ្រោះ​ម្នាក់​ជា​ស្ត្រី ។ លើក​ទី៣ កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ប្លន់​យក​ម៉ូតូ១គ្រឿង ​ពី​ស្ត្រី​ម្នាក់ នៅ​ចំណុច​ម្ដុំ​ក្ដាន់២ខណ្ឌ៧មករា (តែ​មិនបាន​សម្រេច) ដោយសារ​មាន​ប្រជាពលរដ្ឋ​ច្រើន។ សកម្មភាព​លើក​ទី៤ ក្នុងអំឡុង​ខែកុម្ភៈ ឆ្នាំ២០១៧នេះដែរ ឆក់​បាន​ទូរស័ព្ទ​ដៃ១គ្រឿង ​ពី​ជនរងគ្រោះ​ម្នាក់​ជា​ស្ត្រីនៅ​ម្តុំ​ផ្សារ​អូរ​ឬ​ស្សី។

សមត្ថកិច្ចបានឲ្យដឹងថា ដោយ​សង្កេតឃើញ ករណីខ្លះ​ជនរងគ្រោះ​ មិនបាន​ដាក់ពាក្យ​បណ្តឹង ធ្វើ​ឲ្យ​សមត្ថកិច្ច​ខ្វះ​ព័ត៌មាន​ជាក់លាក់ ​ដើម្បី​បំបែក​បទល្មើស ដូចនេះ​កម្លាំងកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ ដល់​ប្រជាពលរដ្ឋ​ទូទៅ សូម​ចូលរួម​សហការ ​ផ្តល់ព័ត៌មាន​ពាក់ព័ន្ធ​បទល្មើស ​គ្រប់​ប្រភេទ​ដល់​សមត្ថកិច្ច ដើម្បី​ជា​ប្រយោជន៍​ ឈានដល់​ការកំណត់​មុខសញ្ញា​ និង​បង្ក្រាប​ជនល្មើស​ទាំងនោះជាបន្តទៀត ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here