ជិះម៉ូតូប្រញាប់ទៅទទួលប្រពន្ធទាក់ដៃចង្កូតជាមួយម៉ូតូគេរបួសធ្ងន់ ស្លាប់ក្នុងមន្ទីរពេទ្យ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បន្ទាប់ ពីដឹកបញ្ជូនដល់មន្ទីរពេទ្យ ក្នុងពេលបើកម៉ូតូបោះពួយប្រញាប់ទៅឌុបប្រពន្ធចេញពីរោងចក្រទៅទាក់ដៃចង្កូតជាមួយម៉ូតូស្គូពី បើកស្របទិស ហើយដួលអូសទៅ ប៉ះម៉ូតូហុងដា សេ១២៥ មួយគ្រឿងបណ្តាលឲ្យស្រ្តី ២នាក់ទៀតរងរបួសម្នាក់ធ្ងន់ ម្នាក់ស្រាល។ ដោយឡែកភាគីខាងម៉ូតូស្កុបពី រងរបួសស្រាល ក្រោយកើតហេតុភ្លាម ឃើញសភាពមិនស្រួលបានលើកជិះរត់គេចខ្លួនបាត់ ។

ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិស្រែញរ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឃួន កុសល ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ បើកបររថយន្តស្ទូច មានទីលំនៅ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1J-9049 ។ ចំណែកភាគីម៉ូតូ មួយគ្រឿងទៀត ម៉ាក សេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1J-4398 ជិះដោយស្ត្រី ២នាក់ជាបុគ្គលិក ធនាគារឯកជន បើកបរដោយឈ្មោះ មុឹង បុប្ផា ភេទស្រី អាយុ ២២ឆ្នាំ ស្នាក់នៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ  រងរបួសស្រាល រួមដំណើរជាមួយ ឈ្មោះ នួន ផាណា ភេទស្រី អាយុ ២១ឆ្នាំ ស្នាក់នៅផ្ទះជួលជាមួយគ្នា មានស្រុកកំណើត នៅក្រុងព្រះសីហនុរងរបួសធ្ងន់ ។ ដោយឡែកភាគីខាងម៉ូតូ ស្កុបពី ពណ៌ស មិនចាំស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ រងរបួសស្រាល បានលើកម៉ូតូបើករត់គេចខ្លួនបាត់ស្រមោលតែម្តង៕ អូនធួក

Leave a Reply

Your email address will not be published. Required fields are marked *