ភ្នំពេញ ៖ កូនតុងទីនប្រមាណជាង១០នាក់ នាំគ្នាចាប់ឃាត់ខ្លួនស្ដ្រីជាមេតុងទីនម្នាក់ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ព្រែកតាសេក កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ត្រង់ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាដោយចោទថារំលោភលើសេចក្ដីទុកចិត្។
ស្រី្តមេតុងទីននេះឈ្មោះ សុខ សំណាង អាយុ២២ឆ្នាំ ហៅភន មានទីលំនៅនៅភូមិឃុំ កើតហេតុខាងលើត្រូវបានកូនតុងទីនជាង១០នាក់នោះនាំគ្នាអះអាងថា ពួកគាត់បានលេងតុងទីនជាមួយស្ដ្រីខាងលើ ជាច្រើនក្បាលមាន ក្បាល១០០ដុល្លារ ៥០ដុល្លារ ២០ដុល្លារ និង១០ដុល្លារជាដើម ហើយក្បាលខ្លះដេញ១ខែម្ដង កន្លះខែម្ដង ១សប្ដាហ៍ម្ដង និងក្បាលដេញរាល់ថ្ងៃក៏មាន ការលេងនេះមានមានរយៈពេលច្រើនឆ្នាំមកហើយដែរ។
លុះមកដល់ថ្ងៃទី២១ ខែមករា កន្លងមកនេះ ស្ដ្រីដែលជាមេតុងទីន បានបិទទ្វារចាក់សោផ្ទះ គេចខ្លួនបាត់ដំណឹងសូន្យឈឹងជាងមួយខែហើយ។ មកដល់រសៀលថ្ងៃទី២៦ កុម្ភៈ នេះពួកគាត់ជាកូនតុងទីន បានទាក់ទងបាន ហើយណាត់គ្នាជួបនៅផ្ទះរបស់មេតុងទីននោះ ហើយបានជជែកគ្នារហូតក្លាយជាទំនាស់បង្កឲ្យមានភាពឆោឡោឡើង ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន។
មិនតែប៉ុណ្ណោះបុរសដែលជាប្ដីរបស់មេតុទីន ថែមទាំងបានដកកាំភ្លើងគំរាមពួកគាត់ទៀតផង ទើបបណ្ដាលឲ្យពួកគាត់មិនសុខចិត្តនាំគ្នាមកប្តឹងឲ្យសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកតាសេក ជួយធ្វើអន្តរាគមន៍ ព្រមទាំងពួកគាត់បាននាំគ្នាផ្ដិតមេដៃធ្វើពាក្យបណ្ដឹងមេតុងទីនរូបនោះ និងឈានទៅការចាប់ឃាត់ខ្លួនផងដែរ។
នគរបាល ប៉ុស្ដិ៍ព្រែកតាសេកបានឲ្យដឹងថា ប្រាក់ដែលមេតុងទីនបានបោកនោះ ហើយត្រូវកូនតុងទីនទាំង១៣ម្នាក់បានប្ដឹង មានទឹកប្រាក់ប្រមាណជិត១០ម៉ឺនដុល្លារ ក្រៅពីនេះនោះនៅមានកូនតុងទីនផ្សេងៗទៀតពុំទាន់បានដាក់ពាក្យបណ្ដឹងមានទឹកប្រាក់ជាច្រើនម៉ឺនដុល្លារទៀតហើយសមត្ថកិច្ចកំពុងដោះស្រាយនៅឡើយ ៕ អូន ធួក
