ខេត្តកំពត ៖ឆ្កែរបស់អ្នកស្រុកងាប់អស់៦ក្បាលដោយចោរបំពុលនៅពីកន្លែងផ្សេងគ្នា ហើយបានលួចយកគោរបស់ប្រជាពលរដ្ឋចំនួន៨ក្បាល និងម៉ូតូ១គ្រឿងនៅស្រុកបន្ទាយមាស និងជុំគីរី ខេត្តកំពត។
មន្ត្រីនគរបាលខេត្តកំពត បានឲ្យដឹងថា ករណីទី១បានកើតឡើលងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ចន្លោះពីម៉ោង១រំលងអធ្រាត្រ ដល់ម៉ោង៥ព្រឹកទៀបភ្លឺ ចោរបានបំពុលឆ្កែងាប់អស់៤ក្បាល ហើយលួចគោ៨ក្បាល យកទៅបាត់ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិសូរិយា ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ដែល ម្ចាស់គោ ឈ្មោះ ស៊ិន ណន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅ ភូមិ-ឃុំ កើតហេតុខាងលើ ។
ករណីទី២កើតឡើងនៅយប់ដដែលកើតឡើងនៅវេលាម៉ោង ប្រហែល១ និង៣០នាទី រំលងអធ្រាត្រឈានថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមចោរបានចូលទៅបំពុលឆ្កែ យកម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FP-5453 របស់ប្រជាពលរដ្ឋ នៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ដោយក្រុមចោរយកអស់ម៉ូតូ០១គ្រឿងរបស់ ឈ្មោះ អ៊ុ ពេច ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ៕សំបូរ
