កណ្តាល: រថយន្តនីសាន់ ប្រភេទបែន បើកបរខ្វះការប្រុងប្រយត្ន័ ជ្រុលទៅបុកម៉ូតូសេ១២៥ ពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។ឯអ្នកបើកបររថយន្តបង្ក ត្រូវឃាត់ខ្លួន ។
ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទី ព្រលប់ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ០១-០២ ភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
អ្នកបើកបររថយន្តបង្កខាងលើ មានឈ្មោះ ចេង វីន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)។ ចំណែកជនរងគ្រោះទាំង២នាក់ ទី១ឈ្មោះ ថារី ធី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិកោះគ្របបាយ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាអ្នកឌុប) និងទី២ ឈ្មោះ ថារី ញាញ់ ភេទប្រុស អាយុ១២ឆ្នាំ ត្រូវជាប្អូនបង្កើត រស់នៅភូមិឃុំជាមួយគ្នា (ស្លាប់នៅនឹងកន្លែងកើតហេតុ)។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្ត ម៉ាកនីសាន់ ប្រភេទបែន ចង្កូតស្ដាំ ពាក់ស្លាកលេខ KPS-0553 បើកបរក្នុងទិសដៅពីឧដុង្គ ថ្នល់ទទឹងលេខ០៤ មកពីខាងជើងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើ រថយន្តបង្កបានបត់ឆ្លងផ្លូវ ទៅទិសខាងកើតតាមខ្នងប្រឡាយ ក៏បុកជាមួយម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1K-6036បើកក្នុងទិសដៅពីត្បូងទៅទិសខាងជើងបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះជាបង ដែលជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ចំណែកប្អូនប្រុសដែលជិះនៅខាងក្រោយ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យនិងវាស់វែង នាំយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បី កសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់។ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ សំបូរ
