ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ក្នុងពិធីសម្ពោធអគារសិក្សា សាលាបឹងកុកនៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ថាមានគណបក្សប្រឆាំងមួយចំនួន នៅប្រទេសកម្ពុជា បានចង់សម្លាប់ ហ៊ុន សែន និងចង់ផ្តួលរលំ ហ៊ុន សែន នៅពេលបោះឆ្នោតខាងមុខ ប៉ុន្តែបើសិនជាធ្វើរឿងទាំងនេះ តើកម្ពុជានឹងមានបញ្ហាអ្វី? “ចង់សម្លាប់សាដាមហ៊ូសេន មានបញ្ហាអ្វី នៅប្រទេសអ៊ីរាក់ ចង់សម្លាប់ការហ្កាដាហ៊ី តើមនុស្សសម្លាប់ប៉ុន្មាននាក់? ចង់សម្លាប់ ហ៊ុន សែន មួយ ចង់ផ្តួលរលំ ហ៊ុន សែន មួយ តើនឹងមានអ្វីកើតឡើងនៅពេលខាងមុខ ? ត្រូវដាក់ជាសញ្ញាសួរមួយ ឲ្យអស់លោកបានឃើញ តើខ្លួនមានស្ថិរភាព អង្គុយបានស្រួលដូច របៀបហ្នឹងបានទេ”។
សម្ដេចបន្ដទៀតថា មានគណបក្សប្រឆាំងមួយចំនួន បានអះអាងថា ឲ្យតែខ្លួនជាប់ឆ្នោត ខ្លួននឹងរឹបអូសយកទ្រព្យសម្បត្តិពីអ្នកមាន យកមកឲ្យអ្នកក្រ ហើយខ្លួនអង្គុយចាំតែមើលទេ ប៉ុន្តែសម្តេចថា នេះគឺជាយុទ្ធសាស្ដ្រសម័យប៉ុល ពតទេ។
សម្ដេចតេជោបានរំលឹកថា ការផ្លាស់ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ដោយលន់ ណុល ប្រទេសប្រែក្លាយជាអស្ថិរភាពភ្លាម សង្រ្គាមកើតមានឡើង ពេញផ្ទៃប្រទេស មនុស្សស្លាប់អស់ជាច្រើននាក់ ទម្រាំរកបានសន្តិភាព។ ជំនាន់អាមេរិកាំង ទម្លាក់គ្រាប់បែក ស្លាប់អស់កន្លះលាននាក់ ហើយជំនាន់ប៉ុលពត អស់បីលាននាក់ ព្រមទាំងពិការមនុស្សជាច្រើននាក់ទៀត។ កាលនោះ មានហ៊ុន សែន ជួយបញ្ចប់សង្រ្គាម និងស្វែងរកសន្តិភាព ព្រមទាំងការអភិវឌ្ឍ តែពេលនេះ ហ៊ុន សែន ចាស់ហើយមានកម្លាំងឯណាទៅធ្វើទៀត ប៉ុន្តែទោះជាយ៉ាងណា កម្ពុជានឹងមិនឲ្យសភាពការណ៍បែបនោះ កើតឡើងជាដាច់ខាត គួរតែដឹង ៕ ប្រសើរ
