ភ្នំពេញ)៖ នៅវេលាម៉ោងជាង៦ល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ មានអគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ធ្វើអំពីឈើ និងថ្ម ៣ខ្នង ស្ថិតនៅខាងមុខផ្សារទំនើបអ៊ីអន តាមបណ្តោយផ្លូវព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តែបានរលត់ទៅវិញហើយ ។
គ្រោះអគ្គិភ័យនេះ បានឆេះផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៩គ្រឿង (រថយន្តរបស់មជ្ឈមណ្ឌលកោះពេជ្រមួយគ្រឿង) និងប្រើទឹកអស់ចំនួន១៥គ្រឿង។
ស្រ្តីម្នាក់ដែលមានផ្ទះនៅកន្លែងកើតហេតុ បាននិយាយប្រាប់ថា មុនពេលមានគ្រោះអគ្គិភ័យខាងលើនេះ ឮសូរសំឡេងផ្ទុះក្នុងផ្ទះ ពេលនោះគាត់ស្មានថា ក្មេងប្រុសម្នាក់នៅផ្ទះកើតហេតុ បើកធុងទឹកកក តែភ្លាមៗនោះស្រាប់តែឮម្តងទៀត ក៏មានផ្សែងហុយចេញ និងចេញអណ្តាតភ្លើងតែម្តង។
លោក ព្រហ្ម យ៉ត ប្រធានការិយាល័យពន្លត់អគ្គិភ័យបានបង្ហាញពីភាពលំបាកដោយសារតែមានផ្លូវតូចចង្អៀតរថយន្តចូលមិនចុះ។ បើតាមនាយការិយាល័យរូបនេះ តាំងពីខែមករា រហូតមកដល់ពេលនេះ មានគ្រោះអគ្គិភ័យចំនួន១៣លើកហើយ កើតឡើងនៅក្នុងរាជធានីភ្នំពេញ។ អគ្គិភ័យនៅពេលនេះពុំទាន់សន្និដ្ឋានខាតបង់ គិតជាលុយប៉ុន្មាននោះទេ ៕ អូន ធួក
